ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅក្នុង រយៈពេល១ឆ្នាំចុងក្រោយនេះ កម្ពុជាបានទទួលជោគជ័យគួរជាទីមោទនៈនៅក្នុងកិច្ចការពារ និងអភិរក្សសត្វផ្សោត ទន្លេមេគង្គ។ គិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ករណីសត្វផ្សោតស្លាប់ នៅកម្ពុជាពុំមានកើតឡើងឡើយ។ នេះជាលើកទី១នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលពុំមានសត្វផ្សោតស្លាប់ក្នុងរយៈពេល ១ឆ្នាំពេញ គិតចាប់ពីការចាប់ផ្តើមតាមដាន និងកត់ត្រាដំបូងនៅឆ្នាំ២០០២មកទល់បច្ចុប្បន្ន។
ដោយឡែក គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះទៀតសោត កម្ពុជាបានទទួលស្វាគមន៍កូនផ្សោតកើតថ្មីចំនួន ៧ក្បាល ដែលធ្វើឱ្យចំនួនសត្វផ្សោតសរុបនៅកម្ពុជានាពេលបច្ចុប្បន្នកើនឡើងដល់ ១១១ក្បាល។
លទ្ធផលដ៏ត្រចះត្រចង់នេះ អាចសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គរបស់យើង ប្រកបដោយប្រសិទ្ធភាពខ្ពស់។ សមិទ្ធផលដ៏វិសេសវិសាលនេះ មានការ យកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជា សេនាធិការ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ អង្គការ WWF សហគមន៍នេសាទ ជាពិសេសឆ្នាំទន្លេដែលបាន លះបង់កម្លាំងកាយនិងកម្លាំងចិត្តក្នុងការការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្រៅពីនេះក៏មានផងដែរ ការចូលរួមយ៉ាងសកម្មពីប្រជានេសាទក្នុងតំបន់ ដែលតែងតែសហការផ្តល់ព័ត៌មាននានា ពាក់ព័ន្ធនឹងសត្វផ្សោត និងការធ្វើនេសាទខុសច្បាប់។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទ សូមផ្តល់ ព័ត៌មានដល់សមត្ថកិច្ច នៅពេលប្រទះឃើញការធ្វើនេសាទខុសច្បាប់ក្នុងកន្លែងអភិរក្សនិងការពារសត្វផ្សោតទន្លេមេគង្គ តាមរយៈលេខទូរស័ព្ទ៖ ០៩៩ ៧៩១ ៩១៩/០៩៧ ៦៦៦ ៤៩៩៩/០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ / ០១២ ៨៩៧ ៩៤៣៕










