អន្តរជាតិ ៖ នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល កាលពីពេលថ្មីៗបានប្រើពាក្យសម្តីយ៉ាងព្រហើនថា នឹងមិនចរចាជាមួយកម្ពុជាដាច់ខាតលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ហើយថែមទាំងអួតថា ទោះបីសហរដ្ឋអាម៉េរិកដំឡើងពន្ធ១០០% លើទំនិញថៃក៏លោកមិនខ្លាចដែរ។ ប៉ុន្តែពេលនេះអ្នកលេងកំពុងជួបអ្នកមែនហើយ ដោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ព្រមានផ្អាកចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយថៃ ដែលបានធ្វើឱ្យនាយករដ្ឋមន្ត្រី ដែលនឹងខ្ទាតចេញពីតំណែងក្នុងពេលឆាប់ៗភ័យស្លន់ស្លោ និងបង្កភាពចលាចលពេញប្រទេស។
អនុតំណាងពាណិជ្ជកម្មអាម៉េរិក កាលពីថ្ងៃទី ១៤ វិច្ឆិកា កន្លងទៅ បានផ្ញើលិខិតមួយច្បាប់ទៅរាជរដ្ឋាភិបាលថៃ ដើម្បីសុំផ្អាកការចរចាជាបណ្តោះអាសន្នសម្រាប់កិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មទៅវិញទៅមកថៃ-អាម៉េរិក។ការស្នើសុំនេះ ធ្វើឡើងក្រោយថៃបំពានបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលមានលោកត្រាំ ប្រធានាធិបតីអាម៉េរិកជាសាក្សី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ khaosod English។
ប្រភពពីសារព័ត៌មានថៃ khaosod English បានរាយការណ៍ពីកិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីថៃលោក Anutin Charnvirakul ជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ពាក់ព័ន្ធការគោរពកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលចុះនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej បានលើកឡើងពីលិខិតដែលអាម៉េរិកបានផ្ញើជូនមកដល់រាជរដ្ឋាភិបាលថៃ ដើម្បីសុំផ្អាកការចរចាជាបណ្តោះអាសន្ន សម្រាប់កិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មទៅវិញទៅមកថៃ-អាម៉េរិក និង សង្ឃឹមថា ដំណោះស្រាយអាចត្រូវបានរកឃើញយ៉ាងឆាប់រហ័សនៃជម្លោះព្រំដែនកម្ពុជា-ថៃ ហើយការចរចានឹងបើកឡើងវិញនៅពេលថៃគោរពបានល្អនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។
បើតាមសារព័ត៌មានថៃ khaosod English រាជរដ្ឋាភិបាលថៃ បានសម្តែងការខកចិត្តចំពោះជំហររបស់តំណាងពាណិជ្ជកម្មអាម៉េរិក និងបានអះអាងយ៉ាងខ្ជាប់ខ្ជួនថា បញ្ហាសន្តិសុខនិងសុវត្ថិភាព ជាពិសេសបញ្ហាទ្វេភាគីរវាងថៃនិងកម្ពុជា ត្រូវតែចាត់ទុកដាច់ដោយឡែកពីបញ្ហាពាណិជ្ជកម្ម ដែលជាបញ្ហាទ្វេភាគីនៃផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសថៃនិងសហរដ្ឋអាម៉េរិក។ សំខាន់ អានុទីន ដែលអួតថា ៖ ទោះពាណិជ្ជកម្មថៃជាមួយអាម៉េរិកមានទឹកប្រាក់ ៨ពាន់លានដុល្លារក្នុងមួយឆ្នាំ ត្រូវអាម៉េរិកដំឡើងពន្ធ១០០%ក៏ដោយ ក៏ប្រទេសខ្លួនមានទីផ្សារផ្សេងទៀតក្រៅពីអាម៉េរិកដែរ ឥឡូវប្រធានាធិបតីអាម៉េរិក លោក ដូ ណាល់ត្រាំ ឱ្យតាមសំណើអំនួតជូននាយករដ្ឋមន្ត្រីថៃហើយ៕ ដោយ ៖ សិលា
ដោយ ៖ សិលា











