ខេត្តបាត់ដំបង៖ បុរសជាតៃកុងរថយន្តម្នាក់ត្រូវបានក្រុមការងារប្រទះឃើញដេកស្លាប់ក្បែរគុម្ពឬស្សីក្នុងចំណតរថយន្តធំបាត់ដំបង នៅវេលាម៉ោង០៦និង ០០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចបរិវេណចំណតរថយន្តធំបាត់ដំបង ស្ថិតក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពពីបុរសម្នាក់ដែលត្រូវជាប្អូនបង្កើតរបស់សពជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រូបគេនិងបងប្រុសបានបើករថយន្តដឹកអង្ករចេញពីខេត្តបន្ទាយមានជ័យ លុះមកដល់ខេត្តបាត់ដំបង វេលាម៉ោង១០និង៣០នាទី ថ្ងៃខែដដែល ពួកខ្លួនក៏បានចូលចតរថយន្តសម្រាកនៅក្នុងចំណតរថយន្តធំបាត់ដំបង ដោយបងប្រុសសម្រាកនៅក្នុងកាប៊ីនរថយន្តនៅទីតាំងខាងលើ លុះព្រឹកឡើងនៅវេលាម៉ោង០៦និង០០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បាត់មិនឃើញបងប្រុសក៏នាំគ្នាដើររក ក្រោយមកក៏ប្រទះឃើញជនរងគ្រោះបានដេកស្លាប់នៅក្បែរគុម្ពឬស្សីបាត់ទៅហើយ។
ប្រភពដដែលបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ វង វ៉ុន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងខេត្តកំពង់ស្ពឺ។ ក្រោយកើតហេតុសមត្ថកិច្ចនិងក្រុមការងារជំនាញចុះទៅពិនិត្យធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ដោយសារខ្យល់គរ បន្ទាប់មកបានធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕










