ភ្នំពេញ ៖ អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ ថ្មីៗនេះមានក្រុមតេឡេក្រាម (Telegram Group) ក្លែងបន្លំឆបោកតាមអនឡាញ ដែលមានឈ្មោះថា * កំណើនហិរញ្ញវត្ថុ… (OVERSEAS CAMBODIAN INVESTMENT PLC)” ដោយប្រើប្រាស់រូបភាពរបស់ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអម សាលាឧទ្ធរណ៍ភ្នំពេញ រួមទាំងថ្នាក់ដឹកនាំផ្សេងទៀត នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលា ឧទ្ធរណ៍ភ្នំពេញ ដោយបានចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការ វិនិយោគខុសច្បាប់ទៅក្នុងក្រុមតេឡេក្រាម ដើម្បីបំភាន់ អូសទាញ និងឆបោកសាធារណជនឱ្យចូលរួមក្នុងការ វិនិយោគខុសច្បាប់ដែលអាចនាំឱ្យខាតបង់ ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ សូមប្រកាសថា សកម្មភាពដែលកំពុងតែធ្វើឡើងដោយ ក្រុមតេឡេក្រាម ខាងលើនេះ មិនមានការពាក់ព័ន្ធជាមួយ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ រួមទាំងថ្នាក់ដឹកនាំផ្សេងទៀត នៃសាលា ឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នោះទេ។ ទន្ទឹមនេះ, ប្រសិនបើមានគណនីតេឡេក្រាម ឬក្រុមតេឡេក្រាមផ្សេងទៀតណាដែលប្រើប្រាស់រូបថត ឬឈ្មោះរបស់ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធាន សាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ ហើយធ្វើ សកម្មភាពបែបនេះ ក៏ពុំមែនជាគណនីរបស់ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ នោះទេ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ សូមអំពាវនាវដល់ក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ព្រមទាំង អាជ្ញាធរមានសមត្ថកិច្ច សូមធ្វើការស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះ ករណីបែបនេះ និង សូមអំពាវនាវ ដល់សាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិច កលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដូចករណីខាងលើនេះ ដើម្បីចៀសវាងកុំឱ្យចាញ់បោកធ្វើឱ្យខាតបង់នូវទ្រព្យ ធនជាយថាហេតុ៕
ដោយ ៖ សិលា










