ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក LAND CRUISERមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នបានរេចង្កូតឡើងខឿនហើយបន្តទៅបុកបង្គោលស្លាកប៉ាណូបណ្តាលឲ្យរថយន្តក្រឡាប់អូសជាច្រើនជុំរងការខូចខាតធ្ងន់ធ្ងរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចទល់មុខក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ីសង្កាត់ទឹកថ្លាទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក LAND CRUISER មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BI-6989 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតឡើងលើខឿនរួចបន្តទៅបុកបង្គោលស្លាកប៉ាណូបណ្តាលឲ្យខូចខាតតិចតួច ចំណែកឯរថយន្តវិញបានក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមៗនោះតៃកុងរថយន្តបមិនបាន
រត់ទៅណានោះទេ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុរួចក៏ទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងឲ្យចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញលើគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ភារ៉ា ដង្កោ










