ភ្នំពេញ ៖ ប្រព័ន្ធធារាសាស្ត្រនៅកម្ពុជាត្រូវបានចែកជាពីរប្រភេទសំខាន់ៗ គឺប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ និងប្រព័ន្ធធារាសាស្ត្រមិនគ្រប់ជ្រុងជ្រោយ ។
ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅលើប្រព័ន្ធធារាសាស្ត្រមួយដែលមាន៖ ១/អាងទឹកដែលប្រភពទឹកមិនចេះរីងស្ងួត, ២/ប្រឡាយមេដែលនាំទឹកពីប្រភពទឹកទៅកាន់តំបន់ផ្សេងៗ, ៣/ប្រឡាយរង ដែលនាំទឹកបន្តពីប្រឡាយមេទៅកាន់តំបន់ដែលត្រូវប្រើប្រាស់ទឹក(ដីកសិកម្ម) ប៉ុន្តែនៅឆ្ងាយពីប្រឡាយមេ និង ៤/ ប្រឡាយជើងក្អែប ដែលនឹងនាំទឹកចេញពីប្រឡាយរង ទៅកាន់ដីស្រែកសិកម្មតែម្ដង ។ ចំណែកឯប្រព័ន្ធធារាសាស្ត្រមិនគ្រប់ជ្រុងជ្រោយ ជាប្រព័ន្ធមួយដែលមានតែប្រឡាយ ប៉ុន្តែនៅឆ្ងាយពីប្រភពទឹក ឬមានតែប្រភពទឹក ប៉ុន្តែគ្មានប្រឡាយសម្រាប់នាំទឹកយកទៅប្រើប្រាស់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ ។
នៅកម្ពុជា ប្រឡាយមួយចំនួនធំស្ថិតនៅជាប្រភេទប្រព័ន្ធធារាសាស្ត្រមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ។ នៅពេលអនាគត រាជរដ្ឋាភិបាល នឹងបន្តកសាងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីធានាទឹកប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដល់ប្រជាកសិករ ដើម្បីចូលរួមលើកកម្ពស់ទិន្នផលកសិកម្ម និងការដឹកជញ្ជូនកសិផល សំដៅបង្កើនប្រាក់ចំណូលជូនប្រជាកសិករតាមរយៈការកាត់បន្ថយថ្លៃដើមកសិកម្ម ៕
ដោយ ៖ សិលា










