ខេត្តបាត់ដំបង៖ ថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២៥វេលាម៉ោង ២០និង២០នាទី នៅលើផ្លូវជាតិលេខ57B1 ភូមិទួលក្រសាំង ឃុំក្ដុលតាហែន ស្រុកបវេល ខេត្ត បាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូបុកចំពីក្រោយគោយន្តកន្ត្រៃ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងគោយន្តកន្ត្រៃ បើកបរដោយឈ្មោះ ម៉េត សាហេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិពាម ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង រវាងនិងម៉ូតូម៉ាក់ហុងដាឌ្រីម ពណ៏ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AX-5657 អ្នកបើកបរឈ្មោះ ចែត្រ ចំរុង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃ្លាំង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ស្លាប់នៅនិងកន្លែងកើតហេតុ។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ និងសាក្សី បានបញ្ជាក់ដឹងថា៖ អ្នកបើកបរម៉ូតូខាងលើ បានធ្វើដំណើរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងលុះមកដល់ចំណុច កើតហេតុ បានបុកពីក្រោយគោយន្តកន្ត្រៃដែលកំពុងបើកបរក្នុងទិសដៅស្របទិសគ្នា ចំពេញទំហឹងតែម្ដង។
បច្ចុប្បន្ន សមត្ថកិច្ចបានយកមធ្យោបាយបង្ក និងវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីដោះស្រាយតាមនីតីវិធី។ ចំណែកឯសាកសពជនរង គ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕










