ថៃ៖ បើតាមការចុះផ្សាយរបស់សារព័ត៍មានថៃ Top News កាលពីថ្ងៃអាទិត្យទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ម្សិលមិញនេះ បាននិយាយថា ក្រៅតែមិនជួយហើយ ថែមទាំងដាក់សម្ពាធថៃទៀត ដែលនេះបង្ហាញឲ្យឃើញច្បាស់ថា សហរដ្ឋអាមេរិកកំពុងមានភាពលម្អៀងទៅលើកម្ពុជា។
Top News បាននិយាយបន្ថែមថា ដែលហាក់សម្ដែងការមិនពេញចិត្តចំពោះចំណាត់ការរបស់អាមេរិក ពាក់ព័ន្ធការផ្អាកកិច្ចចរចាពាណិជ្ជកម្ម និងការតម្រូវឲ្យថៃវិលទៅរកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដូចដែលអ្វីដែលបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅនៅឯប្រទេសម៉ាឡេស៊ី ក្រោមសក្ខីកម្មរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្ដូរវេន។
ដោយដកស្រង់សម្ដីអ្នកកាសែតជើងចាស់ និងល្បីមួយរូបរបស់ថៃគឺលោកស្រី Wassana Nanuam សារព័ត៍មាន Top News បានផ្សាយថា សហរដ្ឋអាមេរិកអាចហាមកងទ័ពថៃមិនឲ្យប្រើយន្តហោះចម្បាំង F16 ក្នុងសមរភូមិប្រយុទ្ធជាមួយកម្ពុជា បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបង្ហាញជំហរងាកមកគាំទ្រក្រុងភ្នំពេញ។ ប្រភពដដែលនេះ បានបន្ថែមថា យ៉ាងណាមិញ បើតាមច្បាប់ទ័ពថៃ (Rules of Engagement) ក្រុងបាងកកនៅតែអាចមានសិទ្ធិប្រើប្រាស់ F16 នៅក្នុងការប្រយុទ្ធប្រឆាំងនឹងកម្ពុជា ហើយលើសពីនេះទៅទៀត ទោះគ្មាន F16 ក៏ថៃនៅតែមានយន្តហោះចម្បាំង Gripen ដែលខ្លួនបានទិញពីស៊ុយអែតផងដែរ។
គួរជម្រាបជូនថា យោងតាមសារព័ត៍មានយោធាអេស្ប៉ាញ Zona Militar កន្លងមក ថៃបានទិញយន្តហោះចម្បាំង JAS-39 Gripen C/D ចំនួន១២គ្រឿង ពីប្រទេសស៊ុយអែត ក្នុងតម្លៃប្រហែល៦០ពាន់លានបាត ឬប្រមាណ១.៧ពាន់លានដុល្លារអាមេរិក។ ថ្មីៗនេះថៃបានបញ្ជាទិញថែមចំនួន៤គ្រឿងទៀត នៃម៉ូដែល JAS-39 Gripen E/F ជំនាន់ថ្មី ក្នុងតម្លៃប្រហែល១៩.៥ពាន់លានបាត ដែលស្មើនឹងប្រមាណ៥៥០លានទៅ៦០០លានដុល្លារអាមេរិក។
បច្ចុប្បន្ន ថៃមានយន្តហោះចម្បាំង F-16 Fighting Falcon ប្រហែល៥៤គ្រឿង ដែលបានទិញពីសហរដ្ឋអាមេរិក ដោយយន្តហោះជាច្រើនបានចាប់ផ្តើមបម្រើការតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០មកម៉្លេះ ខណៈ Gripen របស់ស៊ុយអែតនៅប្រទេសថៃ នៅសល់ត្រឹម១១គ្រឿងប៉ុណ្ណោះសម្រាប់បម្រើការក្នុងជួរកងទ័ព ក្រោយ Gripen មួយគ្រឿងបានធ្លាក់កាលពីខែមករាឆ្នាំ២០១៧៕
យន្តហោះចម្បាំង Gripen របស់ថៃ













