ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ៖“ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោស ដោយគ្មានការលើកលែង
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជា បន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ”។
អំពើទាំងនោះ បានចាប់ផ្តើមពីការរើសអើង ការគំរាមកំហែង និងការបង្កអំពើហិង្សាក្រោមរូបភាព ផ្សេងៗចំពោះពលករកម្ពុជា ដែលកំពុងធ្វើការក្នុងប្រទេសថៃ។ បន្ទាប់មក មានការប្រើប្រាស់បន្លាលួសព័ទ្ធ យកផ្ទះ ដី និងស្រែចម្ការប្រជាពលរដ្ឋកម្ពុជា និងការប្រើឧបករណ៍បំពងសំឡេងដែលមានលក្ខណៈជាការ ធ្វើទុក្ខបុកម្នេញ ដែលនាំឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តពលរដ្ឋស៊ីវិលកម្ពុជា ជាពិសេសទៅលើស្ត្រី កុមារ ជនមានពិការភាព និងអ្នកជំងឺ ជាដើម។ បន្ថែមពីនេះ កងទ័ពកម្ពុជាចំនួន១៨នាក់ កំពុងស្ថិតនៅក្រោមការឃុំខ្លួនខុសច្បាប់ពីសំណាក់យោធាថៃ ដោយគិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានរយៈពេល១១២ ថ្ងៃហើយ ដែលផ្ទុយនឹងខ្លឹមសារនៃសេចក្តីប្រកាសរួម ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ៕










