ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី «ផ្សព្វផ្សាយនិងប្រកាសដាក់ឱ្យប្រើសៀវភៅគោលស្តីពី ការឆ្លើយតបនឹងការកេងប្រវញ្ចនិងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញនិងការបណ្តុះបណ្តាលគ្រូបង្គោលនៃបណ្ឌិត្យសភានគរបាលកម្ពុជា» ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា លោកសាស្រ្តាចារ្យ គ្រូនគរបាល ឧត្តមសេនីយ៍ វរសេនីយ៍ ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីមួយចំនួននៃបណ្ឌិត្យសភា ព្រមទាំងលោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ការិយាល័យជំនាញ និងគណៈប្រតិភូតំណាងអង្គការនានា នាសាលសន្និសីទ -ព្រះរាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប្រធានបានថ្លែងឱ្យដឹងថា ការរៀបចំពិធីដ៏មានសារៈសំខាន់និងចាំបាច់នាថ្ងៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញអំពីលទ្ធផលការងារថ្មីៗបន្ថែមទៀត ដែលសម្រេចបានដោយជោគជ័យ ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិនិងបង្កើតសៀវភៅសិក្សាគោលផងដែរ។
ក្នុងឱកាសដ៏មានតម្លៃនេះ នាយឧត្តមសេនីយ៍ ប្រធានបានគោរពថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ៖ – សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាបិតានិងជាអគ្គមគ្គទេសក៍ដ៏ឆ្នើមនៃសន្តិភាពនិងការអភិវឌ្ឍជាតិលើគ្រប់វិស័យ – សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ ដោយផ្ដល់អាទិភាពខ្ពស់ក្នុងការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ រួមទាំងកងកម្លាំងនគរបាលជាតិ – សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានកសាងសមិទ្ធផលនិងស្នាដៃជាច្រើនដល់ក្រសួងមហាផ្ទៃ សម្រាប់អ្នកដឹកនាំបន្តវេន និងសូមគោរពដឹងគុណចំពោះវីរភាពរបស់កងកម្លាំងនៅសមរភូមិជួរមុខនៃព្រំដែនកម្ពុជា-ថៃ ដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិខ្មែរយ៉ាងអង់អាចក្លាហាន។
ចំពោះសៀវភៅគោលគោលដែលត្រូវបានផ្សព្វផ្សាយនិងប្រកាសដាក់ឱ្យប្រើនាពេលនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបានថ្លែងឱ្យដឹងថា គឺមានខ្លឹមសារពាក់ព័ន្ធនឹងអំពើកេងប្រវញ្ចនិងរំលោភ បំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ ដែលជាក្តីបារម្ភថ្មីមួយទៀត ទាមទារឱ្យភាគីពាក់ព័ន្ធទាំងសាធារណជន អាណាព្យាបាល អាជ្ញាធរ សង្គមស៊ីវិល មន្រ្តីអនុវត្តច្បាប់ ចាំបាច់ធ្វើការរួមគ្នា ដើម្បីទប់ស្កាត់និងការពារកុមារលើកិច្ចការនេះ។
នាយឧត្តមសេនីយ៍ បានថ្លែងបន្តថា បណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារបណ្តុះបណ្តាល ហ្វឹកហាត់កងកម្លាំងនគរបាលជាតិ មន្ត្រីពន្ធនាគារទូទាំងប្រទេស និងការងារស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បាននិងកំពុងចូលចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធើ្វការបង្ការ ទប់ស្កាត់ និងឆ្លើយតបការរំលោភបំពានក្នុងបរិបទប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលក្នុងនោះ ប្រទេសកម្ពុជា បានបោះជំហានទៅមុខក្នុងការចូលរួមចំណែកសំដៅធ្វើឱ្យកាន់តែល្អប្រសើរឡើងនូវការលើកកម្ពស់កិច្ចការពារកុមារនិងឧត្តមប្រយោជន៍របស់កុមារទាំងនៅកម្ពុជានិងក្នុងពិភពលោកផងដែរ។
នាយឧត្តមសេនីយ៍ ប្រធានបានថ្លែងបញ្ជាក់ថា ជាលទ្ធផល សៀវភៅគោលត្រូវបានផលិតនិងបោះពុម្ពរួចរាល់ ដែលបណ្ឌិត្យសភានិងអង្គការសកម្មភាពដើម្បីកុមារ(APLE) បានរៀបពិធីផ្សព្វផ្សាយនិងប្រកាសដាក់ឱ្យប្រើនិងបណ្តុះបណ្តាលដល់គ្រូបង្គោលនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលជាតិ នាពេលនេះ។
ជាចុងក្រោយ នាយឧត្តមសេនីយ៍ បានប្រគល់នូវលិខិតថ្លែងអំណរគុណនិងក្រមាបណ្ឌិត្យសភា ជូនដល់តំណាងអង្គការ APLE និងអង្គការដែនដីមនុស្សហូឡង់ ផងដែរ៕
ដោយ ៖ សិលា










