ភ្នំពេញ ៖ នាឱកាសដ៏មហានក្ខត្តឫក្សបវរសួស្តី សិរីមង្គល ប្រកបដោយសេចក្តីសោមនស្សរីករាយនៃខួបចម្រើន ជន្មាយុរបស់សម្ដេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោក សួស យ៉ារ៉ា ប្រធានក្រុមរដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង បានដឹកនាំសហការី ចូលគោរពជូនពរសម្ដេចរដ្ឋសភាធិបតី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក សួស យ៉ារ៉ា និងសមាជិកក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេងទាំងអស់ បានលំឱនកាយប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចរដ្ឋសភាធិបតី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុ យឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរដ្ឋសភា ឱ្យទទួលបាននូវវឌ្ឍនភាព និងសមិទ្ធិផលថ្មីៗ ជាបន្តបន្ទាប់ទៀត។
ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានលើកឡើងថា សម្តេចរដ្ឋសភាធិបតី ជាស្ត្រីខ្មែរដ៏ឆ្នើមមួយរូបដែលជានិច្ចកាលតែងលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងទេពកោសល្យប្រកបដោយឆន្ទៈខ្ពស់បំពេញបេសកកម្មបម្រើដល់ផលប្រយោជន៍ប្រទេសជាតិ។ សម្តេចបានបំពេញតួនាទីដ៏ឧត្តង្គឧត្ដមដឹកនាំស្ថាប័នរដ្ឋសភា ក្នុងការកសាងប្រព័ន្ធច្បាប់ និងពង្រឹងនីតិរដ្ឋ ជាពិសេស លើកកម្ពស់និងពង្រីកទំនាក់ទំនងការទូតសភាយ៉ាងប៉ិនប្រសប់លើឆាកអន្តរជាតិ។ ជាក់ស្ដែងនាពេលថ្មីៗនេះ សម្តេចរដ្ឋសភាធិបតី បានដឹកនាំប្រតិភូជាន់ខ្ពស់រដ្ឋសភាអញ្ជើញចូលរួមវេទិការអន្តរជាតិសំខាន់ៗជាច្រើន ដោយទទួលបានលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ លើកកម្ពស់កិត្តិនាម កិត្តិយស សេចក្តីថ្លៃថ្នូរ ការពារនូវ អធិបតេយ្យជាតិ និងចូលរួមចំណែកជាមួយសកលលោកដើម្បីថែរក្សាស្ថិរភាពសកល ជំរុញទំនាក់ទំនងទៅ វិញទៅមក ដើម្បីសន្តិភាព និងវិបុលភាពរួម។
ជាថ្មីម្តងទៀត ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេងទាំងអស់ បានលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សាការពារ និងប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូនចំពោះ សម្តេចរដ្ឋសភាធិបតី ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបទៅនឹងពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា










