ភ្នំពេញ៖ តាមការព្យាករទុកសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិឬហៅថា(National Games2016) ដែលប្រទេសកម្ពុជា រៀបចំធ្វើជាលើកដំបូងដោយមានទម្រង់ ស្រដៀងទៅនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនោះមានមនុស្សចូលរួមពី៥ម៉ឺនទៅ៦ម៉ឺននាក់ ក្នុងនោះរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាសម្រាប់ចំណាយប្រមាណជាង៤ពាន់លានរៀល ប៉ុន្តែទន្ទឹមនោះក្រសួងអប់រំយុវជន និងកីឡាក៏តម្រូវឲ្យអត្តពលិកម្នាក់ៗ បង់ថ្លៃសុំសិទ្ធិចូលរួមប្រកួតចំនួន១០ម៉ឺនរៀលដែរ ដើម្បីឲ្យស្របតាមទម្រង់នៃការប្រកួតកីឡាជាលក្ខណៈហ្គេម ។ នេះបើ តាមប្រសាសន៍បស់លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាដែលបានលើកឡើងក្នុងអង្គប្រជុំផ្សព្វផ្សាយព័ត៌មានចុងក្រោយរបស់អនុ គណៈកម្មការរៀបចំការប្រកួតកីឡាជាតិនាព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៦នៅពហុកីឡដ្ឋានជាតិ ។
លោក អ៊ុក សិទ្ធិជាតិ បានពន្យល់ថា ចំពោះថវិកាចំនួន១០ម៉ឺនរៀលដែលតម្រូវឲ្យអត្តពលិកគ្រប់ៗរូបចូលរួមបង់ដើម្បីសុំសិទ្ធិចូលរួមប្រកួតនោះ វាជាកាតព្វកិច្ច របស់អត្តពលិកម្នាក់ៗគឺធ្វើឡើងឲ្យស្របតាមទម្រង់នៃការប្រកួតកីឡាដែលមាន លក្ខណៈជា Games ។ លោកបញ្ជាក់ថា ប្រាក់នេះតិចតួចណាស់ពីព្រោះមួយចប់ការប្រកួតមានដូចជា ថ្លៃស្នាក់នៅហូបចុក និង ការដឹកជញ្ជូនត្រូវបង់តែ១០ម៉ឺនរៀល ។ ការ ហូបចុក១ពេលរដ្ឋចំណាយសម្រាប់មួយថ្ងៃទៅលើកីឡាករម្នាក់ចំនួន៤៤.០០០រៀល ចំណែកមន្ត្រីបច្ចេកទេសរដ្ឋចំណាយចំនួន៨០.០០០រៀល និងតម្លៃស្នាក់នៅក្នុងសណ្ឋាគារ១បន្ទប់ចំនួន២០ដុល្លារសម្រាប់កីឡាករឬកីឡាការិនី៤នាក់។
លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡាមានប្រសាសន៍ទៅកាន់ប្រតិភូតំណាងរាជធានី-ខេត្តទាំង ២៥ថា ត្រូវចូលរួមទទួលខុសត្រូវសម្រាប់ព្រឹត្តិការណ៍កីឡាជាតិដ៏ធំលើកដំបូងនេះឲ្យទទួលបានជោគជ័យ។ ពីព្រោះព្រឹត្តិការណ៍ កីឡាជាតិនេះ គឺជាស្ពានចម្លងសម្រាប់ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ដែលកម្ពុជាត្រូវរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ដូច្នេះគ្រប់រាជធានី-ខេត្តត្រូវតែចូលរួមដាច់ខាតមិនអាចគ្មានរាជធានី ខេត្តណាមួយ មិនចូលរួមនោះឡើយ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៥ខែតុលា រីឯពិធីសម្ភោធបើកការប្រកួតធ្វើនៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ។ ចំពោះពិធីបើកគឺធ្វើឲ្យបានប្រហាក់ប្រហែលនឹងពិធីបើកការប្រកួតកីឡាស៊ីហ្គេមដែរ ។ ជាងនេះទៅទៀតគ្រប់អត្តពលិកកីឡារាជធានី-ខេត្តទាំងអស់ត្រូវមានឯកសណ្ឋាន កីឡាសម្រាប់អត្តពលិករបស់ខ្លួនល្អស្អាតសមរម្យ ។
លោកបានបញ្ជាក់ថា នេះគឺជាសញ្ញា បញ្ជាក់ឲ្យឃើញថា ចាប់ពីឆ្នាំ២០១៦តទៅកីឡារបស់កម្ពុជាចាប់ផ្ដើមប្ដូរឥរិយាបថក្នុងការប្រកួតនិងរៀបចំការប្រកួត ។ ពិធីបើក ការប្រកួតនេះនឹងមានអ្នកចូលរួមប្រមាណ៥ម៉ឺនទៅ៦ម៉ឺននាក់ចូលរួម ។
គួររំលឹកថា នាព្រឹកថៃ្ងទី៨ ខែ កញ្ញា ឆ្នាំ២០១៦ អនុគណៈកម្មការរៀបចំការ ប្រកួតកីឡាជាតិបានបើកកិច្ចប្រជុំណែនាំនិងពិភាក្សាស្តីពីនីតិវិធីបំពេញទម្រង់បែបបទទី៣នៃការចុះឈ្មោះមន្រ្តីបច្ចេកទេស កីឡាករកីឡាការិនីចូលរួមប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ ដោយមានអត្តពលិក តំណាងរាជធានី-ខេត្តទាំង២៥និងស្មើនឹង ១៤សហព័ន្ធកីឡាជាតិព្រមទាំងមានក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃចូលរួមផងដែរ៕
ដោយ៖ សារីម