កាលពីថ្ងៃទី០៨ ខែកញ្ញា សារព័ត៌មានប្រេស៊ីលបានផ្សាយថា អនុប្រធានាធិបតីអាមេរិក លោក Joe Biden ប្រកាសទទួលស្គាល់រដ្ឋាភិបាលថ្មី ដឹកនាំដោយប្រធានាធិបតី Michel Temer ក្រោយពេលលោកបានប្រកាសថា ប្រទេសអាមេរិកខាងត្បូង គឺជាដៃគូជិតស្និទ្ធបំផុតរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ។
មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំរបស់បណ្តាធនាគាអភិវឌ្ឍន៍អាមេរិក លោក Biden បានបញ្ជាក់ថា នៅក្នុងប្រទេសប្រេស៊ីល ពលរដ្ឋបានគោរពច្បាប់រដ្ឋធម្មនុញ្ញពេញលេញ និងគោរពដល់ការផ្លាស់ប្តូរអំណាចទៀតផង ។
សារព័ត៌មានប្រេស៊ីលបានបញ្ជាក់ថា ការប្រកាសដោយប្រយោលរបស់សេតវិមាន គឺជាការទទួលស្គាល់រដ្ឋាភិបាលស្របច្បាប់របស់ប្រេស៊ីល និងទទួលស្គាល់ការសម្រេចរបស់តុលាការនយោបាយប្រេស៊ីល ដែលដកតំណែងប្រធានាធបិតី DilmaRousseff បើទោះបីមានការប្រឆាំង ពីក្រុមអ្នកកាន់អំណាចក្នុងរដ្ឋាភិបាលចាសក៏ដោយ ។ កន្លងមក អតីតរដ្ឋាភិបាលរបស់លោកស្រី Dilma Rousseff បានចាត់ទុកថាជាការធ្វើរដ្ឋប្រហារ ដណ្តើមអំណាច ។
កាលពីថ្ងៃទី៣១ ខែសីហា លោកស្រី Rousseff ត្រូវបានដកហូតតំណែង ហើយតែងតាំងលោក Temer ដែលជាអនុប្រធានាធិបតីឡើងកាន់តំណែងជំនួសលោកស្រី រហូតដល់បញ្ចប់អាណត្តិនៅចុងឆ្នាំ២០១៨ ៕
ប្រែសម្រួល៖ ម៉ែវ សាធី