ប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពជម្លោះប្រដាប់អាវុធដែលកំពុងបន្តរវាងកម្ពុជានឹងថៃ

ចែករំលែក៖

ទីក្រុងហ្សឺណែវ៖ លោកឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ  កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា បានជួបជាមួយលោកស្រី  Mirjana Spoljaric ប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពជម្លោះប្រដាប់អាវុធដែលកំពុងបន្តរវាងកម្ពុជានឹងថៃ។

លោកបានសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះការចូលរួមយ៉ាងសកម្មរបស់ ICRC និងតួនាទីដែលមិនអាចខ្វះបានក្នុងការលើកកម្ពស់គោលការណ៍មនុស្សធម៌។
លោក ឯកអគ្គរាជទូត បានគូសបញ្ជាក់ពីការរំលោភបំពានធ្ងន់ធ្ងរដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធថៃ រួមទាំងការបាញ់ប្រហារលើជនស៊ីវិលកម្ពុជាដែលគ្មានអាវុធ បណ្តាលឱ្យមានអ្នកស្លាប់ម្នាក់ និងរបួសបីនាក់ ការរំលោភសេពសន្ថវៈរួមគ្នាលើក្មេងស្រីជំទង់កម្ពុជាម្នាក់ដោយទាហានថៃក្នុងឯកសណ្ឋានពណ៌ខ្មៅ ចំនួន៧នាក់ និងឧប្បត្តិហេតុធ្ងន់ធ្ងរផ្សេងទៀតដែលប៉ះពាល់ដល់ជនស៊ីវិល បុគ្គលដែលត្រូវការពារនិងវត្ថុដែលត្រូវការពារ។ លោកក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឃុំខ្លួនជាបន្តបន្ទាប់ទាហានកម្ពុជាចំនួន ១៨ នាក់ដែលត្រូវបានចាប់ខ្លួន ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាហ្សឺណែវទី៣។ ការផ្សព្វផ្សាយជាសាធារណៈអំពីស្ថានភាពសុខភាពផ្លូវចិត្តរបស់ឈ្លើយសឹកដែលត្រូវបានបញ្ជូនត្រឡប់ទៅវិញ ឬការបង្ខំពួកគេឱ្យចុះហត្ថលេខាលើកិច្ចសន្យាមិនឱ្យវិលត្រឡប់ទៅសមរភូមិមុខវិញ ត្រូវបានហាមឃាត់ក្រោមអនុសញ្ញា និងធ្វើឱ្យប៉ះពាល់ដល់ការការពារជាមូលដ្ឋានដែលផ្តល់ជូនឈ្លើយសឹក។
លោកឯកអគ្គរាជទូតបានគូសបញ្ជាក់ពីមធ្យោបាយផ្លូវច្បាប់ដើម្បីធានាការដោះលែងឈ្លើយសឹក ដោយលើកឡើងពីមាត្រា ១១៨ នៃអនុសញ្ញា ដែលតម្រូវឱ្យមាន«ការធ្វើមាតុភូមិនិវត្តន៍ឈ្លើយសឹកជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ» នៅចុងបញ្ចប់នៃអរិភាពសកម្ម។ ការបន្តឃុំខ្លួនដោយគ្មានមូលដ្ឋានស្របច្បាប់គឺជាការបង្ខាំងខុសច្បាប់ ដែលចាត់ទុកថាជាការបំពានយ៉ាងធ្ងន់ធ្ងរ អនុលោមតាមអនុសញ្ញាទីក្រុងហ្សឺណែវទី៣ និងពិធីសារបន្ថែមទី១។ ការបំពានបែបនេះនឹងនាំឱ្យមានការទទួលខុសត្រូវជាអន្តរជាតិរបស់រដ្ឋដែលឃុំឃាំង និងការទទួលខុសត្រូវព្រហ្មទណ្ឌរបស់បុគ្គលចំពោះឧក្រិដ្ឋកម្មសង្គ្រាម ក្រោមលក្ខន្តិកៈទីក្រុងរ៉ូមនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ៕ ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print