ភ្នំពេញ៖ ថ្លែងក្នុងវេទិកាកិច្ចសន្ទនាជាមួយនិស្សិត នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ថា៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងបើកផ្លូវដល់ក្រុមហ៊ុនមានសក្តានុពលនានា នៅក្នុងវិស័យប្រេងឥន្ធនៈ ចរចាលើគម្រោងបង្កើតរោងចក្រ ចម្រាញ់ប្រេង កាតនៅខេត្តកោះកុង ដើម្បីឱ្យកម្ពុជាឈានទៅមានសន្និធិប្រេងយុទ្ធសាស្រ្តបម្រុងកាន់តែប្រសើរនៅក្នុងស្រុក។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា ជុំវិញវិស័យប្រេងឥន្ធនៈនេះគោលនយោបាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺការបើកចំហការប្រកួតប្រជែងនៅក្នុងការចែកចាយ និងការនាំចូល ប្រេងឥន្ធនៈដោយគ្មានការផ្តាច់មុខដាច់ខាត។ ចំណែកតម្លៃវិញ វានិងប្រែប្រួលទៅតាមតម្លៃប្រេងអន្តរជាតិ នេះគឺជារឿងធម្មតា ក្នុង នោះកម្ពុជាក៏មិនអនុញ្ញាត្តិឱ្យតួអង្គណាមួយយកឱកាសដើម្បីប្រមូលផ្តុំ បង្កើតថ្លៃខុសតម្លៃទីផ្សារផងដែរ។
លោករដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងបន្ថែមថា ជុំវិញប្រេងឥន្ធនៈនេះគឺរក្សាស្ថិរភាពល្អប្រសើរ ហើយនៅក្នុងអាណត្តិទី៧នេះដែរ រាជរដ្ឋាភិបាលក៏បានបង្កើនលើមុំពីរបន្ថែមទៀត នៅលើអ្វីដែលជាមូលដ្ឋានគ្រឹះពីអាណត្តិមុន ក្នុងនោះអ្វីដែលសំខាន់គឺការឈានទៅរក ការចម្រាញ់ប្រេងក្នុងស្រុក ដើម្បីឱ្យកម្ពុជាឈានទៅមានសន្និធិប្រេងយុទ្ធសាស្រ្តបម្រុងកាន់តែប្រសើរ ខណៈបច្ចុប្បន្ននេះសេដ្ឋកិច្ច កម្ពុជា ក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិតរបស់សម្តេចតេជោ ពីអតីតកាល និងការបន្តកំណើនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកំពុងមានសម្ទុះកើនឡើងបន្ថែមទៀត ជាក់ស្តែងកម្ពុជាកំពុងទទួលបានរោងចក្រថ្មីៗ មកវិនិយោគជាបន្តបន្ទាប់ បញ្ហានេះក៏ធ្វើឱ្យតម្រូវការប្រេងមានការកើនឡើងផងដែរ។
លោក កែវ រតនៈ បានបញ្ជាក់ទៀតថា ទាក់ទិនគម្រោងបង្កើតរោងចក្រនេះ ក្រសួងបានកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បី ចាប់យកដៃគូដែលមានសក្តានុពល វិនិយោគលើការបង្កើតរោងចក្រចម្រាញ់ប្រេងនេះ ប៉ុន្តែអ្វីដែលយើងមានការបារម្ភណ៍ គឺមិនមែន ឆន្ទៈនយោបាយ ឬការខ្វះខាតខិតប្រឹងប្រែងនោះទេ គឺដោយសារកម្ពុជាមានទំហំតូចលើការផ្គត់ផ្គង់ប្រេងឥន្ធនៈ តែទោះបីយ៉ាងណា ឯកឧត្តមនូវតែមានក្តីរំពឹងខ្ពស់ថា កម្ពុជានឹងមានរោងចក្រនេះកើតឡើង ដើម្បីកសាងសន្និធិបម្រុងរបស់ជាតិនៅពេលមានអាសន្ន។
គួរបញ្ជាក់ថា នៅក្នុងវេទិកាកិច្ចសន្ទនានេះ មានការអញ្ជើញចូលរួមពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានធ្វើបាថកថា ជូនដល់និស្សិតផ្នែកច្បាប់ និងសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សម្រាប់ជាពុទ្ធិនៅក្នុងការសិក្សា ដែលពួកគាត់គឺជជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ៕
ដោយ៖តារា










