ខេត្តកំពង់ធំ៖ ថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះជនរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ធំ និងសូមសម្ដែងការសួរសុខទុក្ខដោយស្មោះជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ និងអ្នករងរបួស។
សូមជម្រាបថា ចំពោះសោកនាដកម្ម នៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្ដក្រុង ដឹកអ្នកដំណើរពេលយប់ ១គ្រឿង ផ្ទុកមនុស្ស ៣៧នាក់ បានក្រឡាប់ធ្លាក់ចូលក្នុងទឹក នៅចំណុចស្ពានអូរប្រសាទ ក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋយើង ស្លាប់ ១៣នាក់ និងរបួសធ្ងន់ស្រាលជាង ២០នាក់។
សោកនាដកម្មដ៏ធំធេងនេះ គឺជាការដាស់តឿនដ៏ឈឺចាប់បំផុតមួយ សម្រាប់យើងទាំងអស់គ្នា អំពីតម្លៃនៃជីវិត និងសារៈសំខាន់ នៃការគោរពច្បាប់ចរាចរណ៍៕ដោយ៖តារា










