ក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍បរទេសល្បីៗ មកពីប្រទេសចំនួន ៤ អញ្ជើញមកទស្សនា និងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងទេសចរណ៍​ នៅយប់ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ តបតាមការអញ្ជើញរបស់លោកស្រី ជា ម៉ាឡែន នៅភោជនីយដ្ឋានម្ហូបខ្មែរ ល្បាប់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍បរទេស (KOLs) ចំនួន ៩រូប មកពីសហរដ្ឋអាម៉េរិក ប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី និងប្រទេសហុងកុង ដើម្បីស្នើសុំអនុសាសន៍ណែនាំ និងស្នើសុំកិច្ចសហការក្នុងការផ្សព្វផ្សាយ 2 Raffles និង 2 Cities (រាជធានីភ្នំពេញ និងខេត្តសៀមរាប) នៅក្នុងប្រទេសកម្ពុជា។

ក្នុងកិច្ចជំនួបដ៏មានសារៈសំខាន់នេះ ក្រុមអ្នកផលិតមាតិកាទេសចរណ៍បរទេស (KOLs) បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី អំពី Media Fam Trip រៀបចំដោយក្រុម Raffles Corporate ដើម្បីផ្សព្វផ្សាយ សណ្ឋាគាររ៉ាហ្វភល៍ចំនួន ២ (2 Raffles) និងទីក្រុងចំនួន ២ (2 Cities) នៅក្នុងប្រទេសកម្ពុជា ក្រោមឈ្មោះថា ” A Tale of Two Cities “។ 

ជាមួយគ្នានេះដែរ ក្រុមអ្នកផលិតមាតិកាបរទេសទាំងអស់ ក៏ទទួលបានបទពិសោធដែលមានសារៈសំខាន់ជាច្រើននៅខេត្តសៀមរាប និងនៅរាជធានីភ្នំពេញលើគោលដៅទេសចរណ៍ម្ហូបអាហារ និងសេវាសណ្ឋាគារ ជាពិសេសមានគោលបំណងផ្តិតយករូបភាព និងវីដេអូពីសក្តានុពលតំបន់ទេសចរណ៍កម្ពុជា ដើម្បីជួយលើកស្ទួយកិត្តិនាម និងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ភ្ញៀវទេសចរ និងវិនិយោគិននៅប្រទេសទាំង៤ ឱ្យស្គាល់អំពីភាពរុងរឿងនៃទេសចរណ៍កម្ពុជាដ៏សម្បូរបែប និងជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពមួយនៅលើពិភពលោក៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print