ភ្នំពេញ៖ ដោយមានការរិះគន់យ៉ាងចាស់ដៃពីមហាជន រឿងអ្នកលក់ដូររំលោភយកចិញ្ចើមផ្លូវ រឿងចតរថយន្ដលើផ្លូវសាធារណៈ គ្មានសណ្ដាប់ធ្នាប់ និងរឿងការកកស្ទះចរាចរណ៏រាល់ថ្ងៃគ្មានអាជ្ញាធរមកជួយសម្រួលទាល់តែសោះ បញ្ហាទាំងនេះ ប្រជាពលរដ្ឋចោទមកលើអាជ្ញាធររាជធានីភ្នំពេញ មិនចេះមើលទាល់តែសោះ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈលោក កោះហៅអាជ្ញាធរខណ្ឌ មកប្រជុំជាបន្ទាន់ នៅរសៀលថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៥ នៅសាលាក្រុង ខណៈកំណាត់ផ្លូវតូចធំចំនួន១០៨ផ្លូវ ត្រូវបានគេរំលោភធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងរបៀបរៀបរយ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ តាមការសង្កេតរបស់លោក ជាក់ស្តែងក្នុង១សប្តាហ៍កន្លងមកនេះ នៅរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ពិសេសនៅលើបណ្តោយផ្លូវធំៗនិងផ្លូវចេញចូលរាជធានីភ្នំពេញ។ តាមការសិក្សា ការកកស្ទះចរាចរណ៍នេះ គឺបណ្តាលមកពីការចតយានយន្តមិនមានសណ្តាប់ធ្នាប់និងមួយចំនួនទៀតបណ្តាលមកពីប្រជាពលរដ្ឋមកពីប្រទេសថៃនិងមកពីបណ្តាខេត្តផ្សេងៗទៀត សម្រុកមកភ្នំពេញដើម្បីរកការងារធ្វើ។ ចំពោះការកកស្ទះចរាចរណ៍នេះ អភិបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតក្នុងការដោះស្រាយឱ្យប្រសើរឡើង ជៀសវាងឱ្យបាននូវការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ ពិសេសមើលនៅតាមសាលារៀនឯកជនមួយចំនួន ដោយសាលាទាំងនេះ ក្នុង១ថ្ងៃបានស្ទះចរាចរណ៍រហូត៤ដង។ ត្រូវត្រួតពិនិត្យនិងចាត់វិធានការចំពោះការចតយានយន្ត មិនមានសណ្តាប់ធ្នាប់និងការយកទ្រូងផ្លូវពីសំណាក់អាជីវករលក់ដូរអនាធិបតេយ្យ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការចតយានយន្តមិនមានសណ្តាប់ធ្នាប់និងការលក់ដូររំលោភលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ វាជារឿងដដែលៗ ដូច្នេះ អាជ្ញាធរខណ្ឌទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការចាត់វិធានការ ដើម្បីរំដោះកំណាត់ផ្លូវទាំងនោះឱ្យមានសណ្តាប់ធ្នាប់និងកាត់បន្ថយបាននូវការកក ស្ទះចរាចរណ៏ យើងមិនអាចទុកឱ្យអាជីវករប៉ុន្មាននាក់ ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់លាននាក់នោះទេ។ មុននៃការ អនុវត្តវិធានការរំដោះផ្លូវឱ្យបានសណ្តាប់ធ្នាប់ពីសំណាក់អ្នករំលោភនេះ ដាច់ខាតត្រូវតែមានការផ្សព្វផ្សាយនិងណែនាំពួកគាត់ជាមុន ដើម្បីឱ្យពួកគាត់ទទួលយកនិងចូលរួមហើយនៅពេលអនុវត្តការងារនេះ គឺទទួលយកបានទាំងអស់គ្នា។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ នៅរាជធានីភ្នំពេញមានកំណាត់ផ្លូវតូចធំចំនួន១០៨ផ្លូវ ត្រូវបានគេរំលោភធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញបានណែនាំនិងអនុវត្តលើការងារនេះបានល្អប្រសើរបានមួយកម្រិតហើយដែរ តែទោះជាយ៉ាងណា អាជ្ញាធរខណ្ឌទាំង១៤ ត្រូវបន្តអនុវត្តការងារនេះឱ្យកាន់តែល្អប្រើសើរថែមទៀត ក្រៅពីកិច្ចការងារលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ខ្ញុំសុំឱ្យ ពិនិត្យឡើងវិញ លើកការយក ភាស៊ីនៅតាមផ្សារ និងការតាមដានត្រួតពិនិត្យ ជនអាណាថា គឺមិនអាចឱ្យពួកគេធ្វើសកម្មភាព នាំឱ្យបាត់បង់សោភណ្ឌភាពនិងរបៀបរៀបរយសាធារណៈឡើយ៕ ដោយ សំរិត










