ជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និង រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន-Village Francophone» នាឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងទេសចរណ៍​ នៅព្រឹកថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ព្រះរាជាណាចក្រកម្ពុជា​ នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងន័យនេះ ដើម្បីឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដំណើរការប្រកបដោយភាពជោគជ័យតាមការគ្រោងទុក និង ស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ, លោកស្រី​កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និង ជាប្រធានអនុគណៈកម្មការទី៥ (រៀបចំព្រឹត្តិការណ៍អម), លោកស្រី​បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី, លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងជាសហប្រធានក្រុមការងារដឹកនាំរៀបចំព្រឹត្តិការណ៍អម (ភូមិហ្រ្វង់កូហ្វូន) នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥​ បានជួបប្រជុំពិភាក្សាការងារអំពីការកំណត់ទីតាំង, ផែនការ, ការត្រៀមរៀបចំ និងដំណើរការប្រព្រឹត្តទៅនៃព្រឹត្តិការណ៍ភូមិហ្រ្វង់កូហ្វូន។

សូមជម្រាបជូនថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដែលជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។

នាឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ក៏មានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗចំនួន ពីរ គឺ៖ ភូមិហ្រ្វង់កូហ្វូន (Village Francophone) និង ភូមិហ្វ្រង់កូតិច (FrancoTech)។ ព្រឹត្តិការណ៍អន្តរជាតិដ៏អស្ចារ្យនិងមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ នឹងរំពឹងថាមានការចូលរួមពីប្រទេសសមាជិកជាង ៩០ ប្រទេសនៅលើពិភពលោក ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលនឹងជួយជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ៕

ដោយ​៖តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print