ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈក្នុងឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ស្ថិតនៅក្នុងបរិវេណវត្តពោធិរុក្ខារាម ក្នុងភូមិហាបូរ) ដែលមានការអញ្ជើញចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរនិងឃុំពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ដែលមានចំនួនសរុប១៤៥នាក់។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានជួបជាមួយប្រជាពលរដ្ឋចំនួន៧០នាក់ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ស្វែងយល់ពីការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើការសំណេះសំណាល ដោយបានលើកយកបញ្ហាព្រំដែនជាមួយប្រទេសថៃមួយចំនួនមកស្រាយបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋបានស្វែងយល់ផងដែរ៕













