ទីក្រុងណាននីង៖ គណៈប្រតិភូ នៃក្រសួងព័ត៌មានចំនួន៥រូប មកពីអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា បានអញ្ជើញចូលរួមសន្និសីទសារព័ត៌មានរួមគ្នាឆ្នាំ ២០២៥ នៃបណ្តាប្រទេសមេគង្គ-ឡានឆាង និងសកម្មភាពពាក់ព័ន្ធ “ការផ្តល់អំណាចដល់ប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ រួបរួមគ្នាដើម្បីកំណើនរយៈពេលវែង”នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឆ្នាំ២០២៥នេះ គឺជាខួបលើកទី១០ នៃយន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាង ដូច្នេះដើម្បីបញ្ជាក់ពីសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ក្នុងចំណោមប្រទេសនានាក្នុងតំបន់ ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ និងពង្រឹងបន្ថែមទៀតនូវតួនាទីវិជ្ជមានរបស់ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់ការឯកភាពគ្នាក្នុងតំបន់ ការគាំទ្រកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍរួមគ្នា វិទ្យុនិងទូរទស្សន៍ក្វាងស៊ី បានរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រព័ន្ធផ្សព្វផ្សាយរួមគ្នាឆ្នាំ២០២៥ ស្តីពី “ការផ្តល់អំណាចដល់ប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ រួបរួមគ្នាសម្រាប់កំណើនរយៈពេលវែង” នៃប្រទេស និងសកម្មភាពពាក់ព័ន្ធនានា នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។
តំណាងប្រព័ន្ធផ្សព្វផ្សាយដ៏មានកិត្យានុភាព មកពីប្រទេសឡាងឆាង-មេគង្គ ក៏បានអញ្ជើញស្វែងយល់ ពីរបៀបដែលបញ្ញាសិប្បនិម្មិតអាចផ្តល់អំណាច ដល់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយក្នុងក្របខ័ណ្ឌ នៃ “កិច្ចសហប្រតិបត្តិការឡាងឆាង-មេគង្គ ២.០”។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានគោលបំណងបញ្ជ្រៀបចំណេះដឹងពាក់ព័ន្ធនឹងការប្រើប្រាស់បញ្ញាសប្បនិម្មិត សម្រាប់កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដោយរួមចំណែកដល់ការបង្កើតសហគមន៍ឡានឆាង-មេគង្គ ដែលមានអនាគតរួម ៕ដោយ៖តារា










