ភ្នំពេញ៖ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងក្នុងវេទិកាសហគ្រិន PINNACLE 2025 បានបង្ហាញទៅដល់ភ្ញៀវជាតិនិងអន្តរជាតិ ថា៖ កម្ពុជាគឺជាបេះដូងមួយនៅអាស៊ី និងជាកន្លែងដ៏អស្ចារ្យ សម្រាប់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារអាស៊ាន ខណៈកម្ពុជាបានផ្សាភ្ជាប់កិច្ចព្រមព្រៀងទៅនិងទីផ្សារសកល សម្រាប់ ការពង្រីកខ្លួននៅក្នុងអាជីវកម្មរបស់សហគ្រិន។
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ បានលើកឡើងក្នុងវេទិកាសហគ្រិន PINNACLE 2025 ក្រោមប្រធានបទ៖ (ពិភពលោករីកចម្រើននៅពេលយើងសហការ៖ ការជំរុញអាជីវកម្ម ឌីជីថល និងការច្នៃប្រឌិតក្នុងអាស៊ាន) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា កម្ពុជាគឺជាប្រទេសមួយដែលផ្តល់នូវភាពធន់ និងជាប្រទេសផ្តល់នូវភាពដ៏អស្ចារ្យសម្រាប់សហគ្រិន ក៏ដូចអ្នកដែល ស្វែងរកនូវអ្វីមួយនៅក្នុងតំបន់អាស៊ាន ហើយកម្ពុជាក៏ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឡើងខ្លាំងនៅក្នុងអាស៊ីគ្នេយ៍ ដែលមាន សេដ្ឋកិច្ចក្នុងរង្វង់ជាង ៧ភាគរយ នៅក្នុងប៉ុន្មានទស្សវត្សចុងក្រោយនេះ ដែលគាំទ្រដោយវិស័យឧស្សាហកម្ម, ទេសចរណ៍ និង កសិកម្មជាដើម សម្រាប់ការពង្រីកខ្លួនរបស់សហគ្រិនផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី លើកឡើងបន្តថា ចំណែកជុំវិញការវិនិយោគវិញឃើញថា គិតត្រឹមដើមឆ្នាំ២០២៥ មកដល់ពេលនេះ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានអនុម័តការវិនិយោគ មានចំនួនជាង ៦០០ គម្រោង ដែលមានទុនវិនិយោគប្រមាណ ៩ ពាន់លានដុល្លារ។ នេះជា ការបង្កើតនូវប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា ព្រោះកម្ពុជាគឺជាប្រទេសនៅក្នុងបេះដូងអាស៊ី និងជាកន្លែងមួយដ៏អស្ចារ្យសម្រាប់ពង្រីក ការវិនិយោគទីផ្សាររបស់អាស៊ាន ហើយក៏ជាផ្នែកមួយនៃសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ តាមរយៈការផ្តល់នូវឱកាសដល់សហគ្រិន ខណៈកម្ពុជាបានផ្សារភ្ជាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទៅនិងទីផ្សារពិភពលោក ព្រោះកម្ពុជាមិនមែនគ្រាន់តែទីផ្សារសម្រាប់លក់ដូរ ប៉ុណ្ណោះទេ ហើយកម្ពុជាក៏ជាកន្លែងពង្រីកខ្លួនក្នុងធ្វើការអាជីវកម្ម ផលិតសម្រាប់ទីផ្សារនាំចេញផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បន្តថា ជុំវិញការធ្វើពាណិជ្ជកម្មនេះ កម្ពុជាបានបើករបាំងនៃការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋ- អាម៉េរិករួចហើយ ក្នុងនោះកម្ពុជាក៏បានចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិកផងដែរ ដែលបានប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតី ដូណា ជេ ត្រាំ។ នេះជាការបង្ហាញឱ្យឃើញអំពីការខិតខំប្រឹងប្រឹងរបស់កម្ពុជា ដើម្បីបើកផ្លូវបន្ថែមនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយ សហរដ្ឋអាម៉េរិក។
លោកឧបនាយករដ្ឋមន្ត្រី លើកឡើងបន្ថែមទៀតថា ចំណែកការរៀបចំវេទិកាសហគ្រិននាពេលនេះវិញ វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូល រួមដោះស្រាយនូវឧបសគ្គដែលរំខាននានា ជាពិសេសសហគ្រិនដែលជាស្រ្តី, ហើយតាមរយៈនៃវេទិកាផងដែរ ក៏ជាការបើកផ្លូវរបស់ សហគ្រិននៅកម្ពុជា និងអាស៊ានទាំងមូល ដើម្បីពង្រីកខ្លួន និងការចាប់យកឱកាសក្នុងការធ្វើពាណិជ្ជកម្ម ក្នុងគោលដៅជំរុញឱ្យកាន់តែ រីកចម្រើនសម្រាប់ទីផ្សារអាស៊ានទាំងមូល៕ដោយ៖តារា










