ភ្នំពេញ៖.នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញ.ខណ្ឌ.សង្កាត់ ស្ថាប័នក្រោមឱវាទ យកចិត្តទុកដាក់អតីតយុទ្ធជន និងនិវត្តជន និងចុះយកព័ត៌មានពិតច្បាស់លាស់ ពេលមានបញ្ហាយើងជួយពួកគាត់បានភ្លាមៗ ។
លោកនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អ.ន.ក បានជំរុញបែបនេះ ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នៅសាលារាជធានីភ្នំពេញ។
ពិធីនេះបានប្រកាសតែងតាំង លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ជាប្រធានគណៈកម្មាធិការ អ.ន.ក.រាជធានីភ្នំពេញ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី ជាអនុប្រធានកិត្តិយសគណៈកម្មាធិការ អ.ន.ក រាជធានី, លោកស្រី តិមា វិច្ឆិកាល អភិបាលរាជធានីភ្នំពេញ, លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនរគបាលរាជធានី និងឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអនុប្រធាន ជាមួយនិងការប្រកាសជាសមាជិកជាច្រើនរូបទៀត។
លោកនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំឱ្យ ខណ្ឌ សង្កាត់ អធិការ ប៉ុស្តិ៍ បើមានអតីតយុទ្ធជននិងនិវត្តជនណាម្នាក់ស្លាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវចូលរួមបុណ្យសពរបស់គាត់ដល់ផ្ទះភ្លាមៗផងដែរ ។
រាជធានីភ្នំពេញ មានទំហំធំណាស់ ដូច្នេះការងារពាក់ព័ន្ធនឹងអតីតយុទ្ធជននិងនិវត្តជន ក៏មានទំហំការងារធំណាស់ដែរ ដោយនៅរាជធានីភ្នំពេញមានអតីតយុទ្ធជននិងនិវត្តជន រហូតទៅដល់ជិត៤ម៉ឺននាក់ ហើយកិច្ចការងារនេះគឺសម្ដេចព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនបានយកចិត្តទុកដាក់ខ្លាំងណាស់។ ការរៀបចំពិធីប្រកាសសមាសភាព គណៈកម្មាធិការរាជធានី គឺជាការ ជំរុញបន្ថែមទៀតនូវការសម្របសម្រួលនិងការយក ចិត្តទុកដាក់ពី សំណាក់ថ្នាក់ដឹកនាំសមាគមរាជធានីជូន អតីយុទ្ធជននិងនិវត្តជនក្នុង មូលដ្ឋានរបស់ខ្លួន ។ដូច្នេះ អាជ្ញាធរ និងបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយ ចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ អ.ន.ក.រាជធានីភ្នំពេញ ដែលទើបទទួលបានការតែងតាំងថ្មី ក្នុងឱកាសនោះបានសម្ដែងនូវការអរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនដែលបានផ្ដល់ទំនុកចិត្តតែងតាំងឯកឧត្តម បានធ្វើជាប្រធានគណៈកម្មាធិការ អ.ន.ក.រាជធានីភ្នំពេញ។ ដើម្បីឆ្លើយតប ទៅនឹងទំនុកចិត្តរបស់សម្ដេចតេជោហ៊ុន សែន លោក ឃួង ស្រេង សូមប្តេជ្ញាចិត្តគោរពតាម ការសម្រេចចិត្តរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីបន្តដឹកនាំសមាគមន៍ឲ្យរីកចម្រើនបន្ថែមទៀត។ អាជ្ញាធរារជធានីភ្នំពេញ និងប្ដេជ្ញាចិត្តគោរពនិងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវ លក្ខន្តិកៈរបស់សមាគម , យកចិត្តទុក ដាក់ខ្ពស់ចំពោះសុខុមាលភាពនិងជីវភាពរបស់សមាជិក ផ្តល់ការគាំទ្រចំពោះសមាជិក ដែលជួបការខ្វះខាតកំពុងមានជំងឺ ផ្តល់ការឧបត្ថម្ភដល់ គ្រួសារសមាជិកដែលបានទទួល មរណភាពឲ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលទុក្ខលំបាករបស់ពួកគាត់។
សូមបញ្ចាក់ថា៖ លោក គន់ គីម ក៏បានផ្ដល់សំភារបរិក្ខាមួយចំនួនដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជារាជធានីភ្នំពេញ សម្រាប់បម្រើការងារហើយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភថវិកាដល់អតីតយុទ្ធជននិងនិវត្តជននៅរាជធានីភ្នំពេញក្នុងពិធីនេះម្នាក់ ១០ម៉ឺនរៀលផងដែរ៕. ដោយ សំរិត










