អគ្គលេខាធិការដ្ឋានរដ្ឋសភាពង្រឹងយុទ្ធសាស្ត្រកែទម្រង់ដែលជាមូលដ្ឋានគណនេយ្យភាព សមិទ្ធកម្ម និងការសន្សំសំចៃថវិកា

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំកម្មវិធីវិបស្សនា ស្តីពី «ការវាយតម្លៃលទ្ធផលការងារឆ្នាំ ២០២៥ និងការផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ ២០២៦ សម្រាប់ការអនុវត្តកម្មវិធី ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ការកែទម្រង់រដ្ឋបាលសាធារណៈ នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់នៅក្នុងខេត្តកំពត។

កម្មវិធីវិបស្សនានេះ រៀបចំធ្វើឡើងក្នុងគោលបំណង បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ និងជាវេទិកាបើកចំហ សម្រាប់ការជជែក ពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា និងសិក្សាស្វែងយល់ឱ្យ ស៊ីជម្រៅពីគោលនយោបាយ ផែនការស្នូល លើកពីបញ្ហាប្រឈម ការចែករំលែកធាតុចូល និង/ឬដំណោះស្រាយសំដៅគិតគូររួមគ្នា ក្នុងការជំរុញលើកកម្ពស់ការអនុវត្តផែនការសកម្មភាព និងការដោះស្រាយបញ្ហាប្រឈមនានា។

ក្នុងមតិស្វាគមន៍ លោក ឃួន ដាវិត អគ្គលេខាធិការរងនិងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះចំពោះក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃអគ្គលេខាធិការរដ្ឋសភា បានសម្របសម្រួលរៀបចំកម្មវិធីនេះឡើង គឺជាសញ្ញាដ៏ល្អសម្រាប់ភាពជោគជ័យរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នាពេលនេះ និងពេលខាងមុខ។

លោកអគ្គលេខាធិការរងបានគូសបញ្ជាក់ថា វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកែទម្រង់រដ្ឋបាលសាធារណៈ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់គុណភាពការងារ ពង្រឹងសមត្ថភាព និងសមិទ្ធកម្ម នៃស្ថាប័ន ជាពិសេសអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងឆន្ទៈចូលរួមអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ម៉ឹងម៉ាត់និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកការកែទម្រង់រដ្ឋបាលជាវិធានគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសារធារណៈដែលត្រូវអនុវត្តចាំបាច់ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ក្នុងឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

លោក ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានលើកឡើងថារដ្ឋសភា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលមានអគ្គលេខាធិការដ្ឋាន ជាសេនាធិការ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ អគ្គលេខាធិការដ្ឋានបានអនុវត្ត និងសម្រេចនូវលទ្ធផលជារូបវន្ត និងផ្តល់ផ្លែផ្កាជាប្រយោជន៍ជូនរដ្ឋសភា ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃ អគ្គលេខាធិការដ្ឋាន តាមរយៈការវាយតម្លៃពីភាពពេញលេញ ត្រឹមត្រូវ ទាន់ពេលវេលា និងរក្សាបាននូវបន្ទាត់គណនេយ្យភាពគ្រប់គ្រងថវិកាក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ។

មានប្រសាសន៍បើកកម្មវិធីវិបស្សនានេះ លោកបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាទំាងអស់ ដែលបានចូលរួមកម្មវិធីដ៏មានសារៈសំខាន់នេះ បើកចិត្តទូលាយ ក្នុងការពិភាក្សា ឱ្យបានផុលផុស ដើម្បីផ្តល់ជាធាតុចូលដ៏មានតម្លៃ សម្រាប់ការរៀបចំផែនការ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

លោកបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវសមិទ្ធផលដ៏ត្រចះត្រចង់ ដែលបានសម្រេចបានក្នុងឆ្នាំ២០២៥ បន្តពីឆ្នាំ២០២៤។ សមិទ្ធផលដ៏ល្អនេះគឺជាកម្លាំងចលករ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៦ ខាងមុខ។សមិទ្ធផលទាំងនេះនឹងមិនអាចសម្រេចទៅបានទេ ប្រសិនបើមិនមានចក្ខុវិស័យច្បាស់លាស់ និងការដឹកនាំម៉ឺងម៉ាត់របស់សម្តេចប្រធានរដ្ឋសភា ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំរដ្ឋសភា សមាជិក សមាជិការដ្ឋសភា និងការចូលរួមយ៉ាងសកម្ម និងជួយគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភានោះទេ។

លោកបណ្ឌិតអគ្គលេខាធិការរងប្រចាំការ បានគូសបញ្ជាក់ថា ផែនការសម្មភាពសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៦ខាងមុខនេះ ត្រូវបានរៀបចំឡើងដើម្បីកំណត់ចក្ខុវិស័យ បេសកកម្ម កម្មវិធីចង្កោមសកម្មភាព សកម្មភាពបែងចែក និងការទទួលខុសត្រូវជាក់លាក់របស់អង្គភាពពាក់ព័ន្ធ ដែលឯកសារនេះនឹងក្លាយទៅជាផែនទីបង្ហាញផ្លូវ (Roadmap) មួយដ៏សំខាន់ ក្នុងការអនុវត្តការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្របតាមការដឹកនាំប្រកបដោយចក្ខុវិស័យ វែងឆ្ងាយតាំងពីដើមអាណត្តិ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានចង្អុលបង្ហាញកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងកម្មវិធីផ្សព្វផ្សាយ ស្តីពី “វឌ្ឍនភាពការងារ និងទិសដៅបន្តក្រោមការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កែទម្រង់រដ្ឋបាលសាធារណៈ និងគម្រោង E-Parliament System” ព្រមទាំងស្មារតី “ការពង្រឹងប្រសិទ្ធភាព សុខដុមនីយកម្ម និងសាមគ្គីភាព មិនមែនជាការបំបែកបំបាក់ បែងចែកបក្សពួក យកមន្រ្តីណាជាចំណាប់ខ្មាំងឡើយ”។

លោកបណ្ឌិត កែវ ពិសិដ្ឋ បានរំលឹកអនុសាសន៍ដ៏មានសារៈសំខាន់របស់ សម្តេចរដ្ឋសភាធីបតី ដែលបានគូសបញ្ជាក់សាជាថ្មីពីគោលនយោបាយគន្លឹះជាអាទិភាព ចំនួនបី ក្នុងនីតិកាលទី៧ គឺ៖ អភិបាលកិច្ចល្អ កំណែទម្រង់ស៊ីជម្រៅ និងសភាអេឡិចត្រូនិក។ ការអនុវត្តគោលនយោបាយនេះ គឺផ្អែកលើគោលការណ៍ស្នូលជាច្រើន រួមមាន គណនេយ្យភាព តម្លាភាព ភាពជាអ្នកដឹកនាំ យុត្តិធម៌ ភាពត្រឹមត្រូវ និងសុចរិតភាព។

បេសកកម្មកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជាបានធ្វើឡើងចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ក្នុងយុគសម័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ហើយបន្តក្នុងអាណត្តិបន្តបន្ទាប់។ សម្តេចតេជោ តែងមានប្រសាសន៍ ថា “បើយើងកែទម្រង់ គឺយើងរស់។ បើយើងមិនកែទម្រង់ទេ យើងប្រាកដជាស្លាប់»។ សម្តេចតេជោក៏បានណែនាំឱ្យមានការអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវអភិក្រមទាំង៥ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់»។

ក្នុងអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ ស្វាហាប់ ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានលើកឡើងថា “គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួលនោះទេ” ហើយកំណែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ ៤ រួមមាន៖ ១. ចក្ខុវិស័យច្បាស់លាស់ ២. ការប្តេជ្ញាចិត្តខ្ពស់ ៣. ការចូលរួមដោយស្មោះត្រង់ និង ៤. ការលះបង់។

សូមជម្រាបថាកម្មវិធីវិបស្សនា ស្តីពី «ការវាយតម្លៃលទ្ធផលការងារឆ្នាំ ២០២៥ និងការផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ ២០២៦ សម្រាប់ការអនុវត្តកម្មវិធី ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ការកែទម្រង់រដ្ឋបាលសាធារណៈ នេះនឹងប្រារព្ធធ្វើឡើងពេញមួយថ្ងៃក្រៅពីការលើកឡើងពីលទ្ធផលសម្រេចបាននិងទិសដៅការងារបន្តនៅឆ្នាំ២០២៦ហើយ អង្គពិធីបានពិភាក្សាគ្នាដោយបើកចំហលើបញ្ហាសំខាន់ៗដូចជា ប្រាក់លើកទឹកចិត្តប្រាក់បន្ថែមម៉ោង, បេសកកម្មក្នុង/ក្រៅប្រទេស របស់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និង ពិនិត្យលើការអនុវត្ត សេចក្តីសម្រេច ០៦៧ រ.ស ជាដើម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print