ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានលើកឡើងថា ក្រោយកម្ពុជាកាត់បន្ថយការនាំចូលទំនិញពីថៃ បច្ចុប្បន្ននេះ ទំនិញដែលមានក្នុងទីផ្សារសម្រាប់បំពេញតម្រូវក្នុងស្រុក ប្រមាណពី៦០ទៅ៧០% គឺជាទំនិញកម្ពុជា និងមួយចំនួនទៀត នាំចូលពីវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេស ក្នុងតំបន់ផ្សេងទៀត។
លោកបានលើកឡើងថា ប្រេង និងឧស្ម័ន ត្រូវបាននាំ មកពីវៀតណាម និងសិង្ហបុរីបន្ទាប់ពីឈប់នាំចូលពីថៃ រីឯគ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងទៀត បាននាំចូលពីបណ្តាប្រទេសក្នុងតំបន់ ដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ីជាដើម ខណៈស្ថានទូតម៉ាឡេស៊ីបានជូនដំណឹងថា ការនាំចូលរបស់ខ្លួនមកកាន់កម្ពុជាបានកើនឡើង៣ដង បើធៀបនឹងកាលពីមុន។
លោកបញ្ជាក់ថា នៅពេលដែលថៃបោះបង់ឱកាសធ្វើពាណិជ្ជកម្មជាមួយកម្ពុជា បានធ្វើឱ្យកម្ពុជាចំណេញ សហគ្រាសក្នុងស្រុករីកចម្រើន និងបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀតក៏ចំណេញដូចគ្នា។
លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី សន្និសីទព័ត៌មាន ស្ដីពី ការរៀបចំ «ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ក្រោមមូលបទ ៖យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕
ដោយ ៖ សិលា










