ខេត្តសៀមរាប៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីផែនការសកម្មភាពស្តារ និងភាពធន់វិស័យទេសចរណ៍មេគង្គឡានឆាង ឆ្នាំ២០២៦-២០៣០ អមដោយការបកស្រាយរបស់ទូតទេសចរវ័យក្មេង មេគង្គ-ឡានឆាង នៅខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ លោក Wang Wenbin ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈប្រជាមានិតចិន លោក មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប និងប្រតិភូអន្តរជាតិមកពីបណ្តាប្រទេសចិន មីយ៉ាន់ម៉ា វៀតណាម ឡាវ និងកម្ពុជា ព្រមទាំងអ្នកជំនាញទេសចរណ៍ល្បីៗ សាស្រ្តាចារ្យមកពីសកលវិទ្យាល័យចិនធំៗ និងល្បី យុវជន-យុវនារីជាទូតទេសចរណ៍វ័យក្មេងមេគង្គ-ឡានឆាង ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិ ប្រមាណជាង៣០០នាក់។
ក្នុងឱកាសនៃសិក្ខាសាលាជាលក្ខណៈអន្តរជាតិ និងមានសារៈសំខាន់នេះ គណៈអធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលាថ្នាក់តំបន់ដែលមិនត្រឹមតែជាការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ដែលជាវិស័យដ៏សំខាន់មួយក្នុងសេដ្ឋកិច្ច និងការរិះរកគំនិតផែនការបង្កើនសន្ទុះការងើបឡើងវិញរបស់វិស័យនេះ តាមរយៈការចូលរួមរបស់យុវជនពីបណ្តាប្រទេសជាសមាជិក។ សិក្ខាសាលាអន្តរជាតិដ៏ធំនេះ ជាវេទិការឹតបន្តឹង និងពូនជ្រំទំនាក់ទំនងមិត្តភាព កិច្ចសហការ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងបណ្តាប្រទេសក្នុងអាងទន្លេមេគង្គ ដែលគម្រោងនេះត្រូវបានឧបត្តម្ភគាំទ្រទាំងស្រុងដោយភាគីមិត្តចិន។
ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្រ្តី បានថ្លែងថាសិក្ខាសាលាដ៏ធំ និងប្រកបដោយគុណភាព នឹងបន្ថែមអត្ថន័យឱ្យកាន់តែស៊ីជម្រៅដល់កិច្ចសហប្រតិបត្តិរវាងប្រទេសក្នុងតំបន់អាងទន្លេមេគង្គ ព្រមទាំងចំណងមិត្តភាពកម្ពុជា-ចិន និងទំនាក់ទំនងការទូតដ៏យូរលង់អស់រយៈពេល៦៧ឆ្នាំ ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួម កម្ពុជា-ចិនគ្រប់រដូវកាល ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក្នុងយុគសម័យថ្មី» ក៏ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន។ ជាពិសេសគឺផ្តល់ឱកាសរួមគ្នាដល់យុវជនបន្តវេនពីប្រទេសសមាជិក ក្នុងការចូលរួមគ្នាគិត និងរួមគ្នាធ្វើ ដើម្បីអភិវឌ្ឍទេសចរណ៍ តាមរយៈការទាញយកពីបច្ចេកវិទ្យានិងគំនិតច្នៃប្រឌិតថ្មី ដើម្បីជម្រុញការងើបឡើងវិញនូវវិស័យទេសចរណ៍ បន្ទាប់ពីត្រូវជួបផលវិបាកយ៉ាងខ្លាំងពីវិបត្តិជម្ងឺកូវីដ១៩ កន្លងទៅ។
សិក្ខាសាលាថ្នាក់តំបន់នេះ នឹងផ្តល់ឱកាសដ៏យុវជនជានិស្សិត ជាអ្នកប្រកបវិជ្ជាជីវៈ ឬ ក៏សហគ្រិន ភ្ជាប់ទំនាក់ទំនងគ្នា ធ្វើការរួមគ្នា សហការចាប់ឱកាសបង្កើតអាជីវកម្មទេសចរណ៍រួមគ្នាផងដែរ ដើម្បីជំរុញសន្ទុះងើបឡើងវិញនៃការវិនិយោគក្នុងវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរជាតិ ចិន និងអន្តរជាតិមកលេងតំបន់អាងទន្លេមេគង្គនេះ៕ដោយ៖តារា










