បុគ្គល ឈុំ វុទ្ធី ហៅលី ដែលពាក់ព័ន្ធទៅនឹងករណីរំលោភ មិនមែនជាគ្រូពេទ្យដែលមានសញ្ញាបត្រទទួលស្គាល់នោះឡើយ, សូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីបុគ្គល ឈុំ វុទ្ធី ហៅលី ដែលពាក់ព័ន្ធទៅនឹងករណីរំលោភ មិនមែនជាគ្រូពេទ្យដែលមានសញ្ញាបត្រទទួលស្គាល់នោះឡើយ, សូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ ! នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង។

សូមជម្រាបជូនដល់សាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកយកព័ត៌មានជាតិឱ្យបានជ្រាបថា៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ មានការផ្សាយរបស់គណនីហ្វេសបុ៊កឈ្មោះ វុទ្ធីព័ត៌មាន និងសារព័ត៌មានផ្សេងៗទៀតបានផ្សាយដោយភ្ជាប់ពាក្យបុគ្គលគ្រូពេទ្យ ដែលអាចបង្កឱ្យមហាជនមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់គ្រូពេទ្យពិតប្រាកដ។

នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរសុខាភិបាលខេត្ត មានសមាសភាពមន្ត្រីការិយាល័យនិយ័តកម្ម មន្ត្រីការិយាល័យស្រុកប្រតិបត្តិកំពង់ឆ្នាំង ប្រធានមណ្ឌលសុខភាពជៀប ប្រធានមណ្ឌលសុខភាពអភិវឌ្ឍន៍ បានចុះស្រាវជ្រាវដល់មូលដ្ឋាន នៅភូមិ ស្រែចាន់ ឃុំទួលខ្ពស់ ស្រុកទឹកផុស ដោយរួមដំណើរជាមួយលោកមេឃុំទួលខ្ពស់ផងដែរ ។

ក្រុមការងារបានរកឃើញថា ឈ្មោះ ឈុំ វុទ្ធី ហៅលី ភេទប្រុស អាយុ៥៥ឆ្នាំ ដែលអ្នកយកព័ត៌មានហៅថាពេទ្យលីនោះ គឺពុំមានសញ្ញាបត្របញ្ជាក់កម្រិតសិក្សាផ្នែកវេជ្ជសាស្រ្តណាមួយទេ ។ ម៉្យាងទៀត ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តក៏បានបញ្ជាក់ថា ឈ្មោះនេះមិនមានក្នុងបញ្ជីជាសមាជិកគ្រូពេទ្យឡើយ ដូចនេះ ឈ្មោះ ឈុំ វុទ្ធី ហៅលី មិនមែនជាគ្រូពេទ្យទេ សូមសាធារណជនអ្នកប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបនិងបញ្ឈប់ការហៅបុគ្គល ឈុំ វិទ្ធី ជាគ្រូពេទ្យទៀតចាប់ពីពេលនេះតទៅ។

មន្ទីរសុខាភិបាលខេត្តមានការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើអសីលធម៌របស់បុគ្គលរូបនោះ និងសូមអំពាវនាវឱ្យសមត្ថកិច្ចបន្តនីតិវិធីរកជនសង្ស័យមកទទួលខុសត្រូវចំពោះមុខច្បាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបតាមការគួរ ៕ ដោយ ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print