អន្តរជាតិ ៖ កាលពីថ្ងៃទី២២ ខែវិចិ្ឆកា តាមម៉ោង ក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បាន អញ្ជើញ ចូលរួម កិច្ចប្រជុំ ដំណាក់កាល ទីមួយនៃ កិច្ចប្រជុំកំពូល លើកទី២០ របស់ថ្នាក់ដឹកនាំ ប្រទេស G20 នៅក្រុង Johannesburg និងថ្លែងសុន្ទរកថា ក្រោម ប្រធានបទ “បរិយាប័ន្ននិង កំណើនសេដ្ឋកិច្ច ជានិរន្តរភាព ”។ លោក Matamela Cyril Ramaphosa ប្រធានាធិបតី អាហ្វ្រិកខាងត្បូងបាន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ លើកនេះ ។
លោក Li Qiang បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើង ក្នុង កិច្ចប្រជុំកំពូល លើកទី១៧ របស់ថ្នាក់ដឹកនាំ ប្រទេស G20 ថា សាមគ្គីភាព គឺជាកម្លាំង ការបំបែក បំបាក់គឺគ្មាន ផ្លូវចេញទេ ។ ប្រឈមមុខនឹង សេដ្ឋកិច្ច ពិភពលោក ដែលងើប ឡើងវិញ ដោយ កម្លាំងទន់ខ្សោយ យើងគួរតែ ប្រកាន់ខ្ជាប់ ការរួមគ្នាពុះពារ គ្រប់ឧបសគ្គ គាំពារពាណិជ្ជកម្ម សេរីយ៉ាង ម៉ុតមាំ និង កសាងសេដ្ឋកិច្ច ពិភពលោក បែប បើកទូលាយ ។ ភាគីចិនបាន ចេញផ្សាយ សកម្មភាព របស់ចិន ក្នុងការអនុវត្ត ប្រកបដោយ ភាពជាក់ស្តែងនូវ 《គំនិតផ្តួចផ្តើម នៃ ប្រទេស G20 ស្តីពី ការគាំទ្រ ការធ្វើ ឧស្សាហូបនីយកម្ម របស់អាហ្វ្រិក និងប្រទេស អភិវឌ្ឍន៍ តិចតួច 》 គាំទ្រ ការបន្ធូរ បំណុលរបស់ ប្រទេសកំពុង អភិវឌ្ឍន៍ រួមជាមួយ អាហ្វ្រិកខាងត្បូង លើកឡើង 《គំនិតផ្តួចផ្តើម ស្តីពី ការ គាំទ្រការធ្វើ ទំនើបកម្មនៅអាហ្វ្រិក 》 ព្រមទាំងនឹង បង្កើត វិទ្យាស្ថាន អភិវឌ្ឍន៍សកល ដើម្បី ជំរុញឱ្យប្រទេស នីមួយៗ អភិវឌ្ឍរួមគ្នា ។
ថ្នាក់ដឹកនាំ ដែលបានចូលរួម កិច្ចប្រជុំនេះបានថ្លែងថា ពិភពលោក បច្ចុប្បន្ននេះ ប្រឈម មុខនឹង បញ្ហាប្រឈម ជាច្រើន អស្ថិរភាព និងភាពមិន ប្រាកដប្រជា បានកើនឡើង ជាបន្ត បន្ទាប់ ។ រដ្ឋសមាជិកនៃ ប្រទេស G20 គួរតែបង្កើន សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គាំពារ ពហុភាគីនិយម គាំពារ ប្រព័ន្ធ ពាណិជ្ជកម្ម ពហុភាគី ដែល ចាត់ទុក អង្គការ ពាណិជ្ជកម្ម ពិភពលោកជាស្នូល ដើម្បីជំរុញ ការសម្រេចបាននូវ កំណើនជា និរន្តរភាព ប្រកបដោយ ភាពខ្លាំងក្លា តុល្យភាព និងបរិយាប័ន្ន៕










