ពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី៨៨

ចែករំលែក៖

ភ្នំពេញ ៖ លោក ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍ ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលថ្ងៃច័ន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់លោកប្រធាន អនុប្រធាននៃបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាពខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី ៨៨ វិមាន ៧ មករា , រាជធានីភ្នំពេញ។

ក្នុងនាមគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស លោក ឯក សំអុល បានសម្តែងនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង ដោយមានកិត្តិយសបានមកចូលរួមជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី៨៨ ដែលជាវគ្គចុងក្រោយនៃកម្មវិធីសិក្សាឆ្នាំ២០២៥ របស់គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល នៅក្នុងវិមាន ៧ មករា ដែលតំណាងឲ្យភាពរឹងមាំនិងយូរអង្វែងរបស់គណបក្សយើង។ ព្រមជាមួយនេះ លោកនាំមកនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខ និងសព្ទសាធុការពរដ៏ល្អបវរមហាប្រសើរពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា ពីសំណាក់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ពីសំណាក់សម្ដេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំទាំងអស់របស់គណបក្ស ជូនដល់អង្គពិធីទាំងមូល ។

លោក ឯក សំអុល បានគូសបញ្ជាក់ថា ការអប់រំនយោបាយដល់មន្រ្តីគណបក្ស គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់មួយដែលគណបក្សតែងតែយកចិត្តទុកដាក់ខ្ពស់ជានិច្ច ទាំងនៅក្នុងសម័យតស៊ូរំដោះជាតិ ក៏ដូចក្នុងពេលដែលគណបក្សបានកាន់អំណាចដឹកនាំប្រទេសក្នុងប្រព័ន្ធប្រជាធិបតេយ្យសេរី ពហុបក្សនាពេលបច្ចុប្បន្ន។ ការងារអប់រំនយោបាយក៏ជាថ្នាលដ៏សំខាន់ចាំបាច់មួយសម្រាប់ការបណ្តុះបណ្តាល និងបំពាក់បំប៉នកម្លាំងបន្តវេនរបស់គណបក្ស។

ក្នុងឱកាសនេះ លោក ឯក សំអុល បានវាយតម្លៃខ្ពស់ចំពោះគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ដែលបានរៀបចំបើកវគ្គអប់រំនយោបាយនេះតាំងពីជំនាន់ទី១ រហូតដល់ជំនាន់ទី៨៨ នេះ ឲ្យមានដំណើរការល្អតាមស្មារតីដឹកនាំរបស់គណៈប្រចាំកា រនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងទទួលបានការគាំទ្រពីគណបក្សគ្រប់ថ្នាក់ ជាពិសេសពីមន្រ្តីដែលបានឆ្លងវគ្គអប់រំនយោបាយរួចហើយ។ ឯកឧត្តមបញ្ជាក់ថា សិក្ខាកាមដែលបានរៀនសូត្រក្នុងបណ្តាវគ្គកន្លងមក បានយកចំណេះដឹងរបស់ខ្លួនទៅប្រើប្រាស់ក្នុងការងារដែលគណបក្សបានប្រគល់ជូន ជាពិសេសក្នុងការរួមចំណែកអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ដែលបានប្រែក្លាយទៅជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព។
លោក ឯក សំអុល បញ្ជាក់ទៀតថា វគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ នៅពេលនេះ នឹងជួយឲ្យមន្រ្តីយើង កាន់តែមានការយល់ដឹងច្បាស់អំពីគោលបំណង និងឧត្តមគតិគណបក្ស អំពីកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្ស, អំពីសភាពការណ៍ និងភារកិច្ចរបស់គណបក្ស, អំពីទិសដៅនៃការកសាងខ្លួនឲ្យក្លាយជាមន្រ្តីដ៏ល្អប្រពៃរបស់គណបក្ស ព្រមទាំងអំពីមេរៀនពិសោធន៍នៃការដឹកនាំរបស់គណបក្ស។ ប្រការទាំងអស់នេះ សុទ្ធតែជាសំណូមពរចាំបាច់ដែលមន្រ្តីយើងម្នាក់ៗត្រូវយល់ឲ្យបានច្បាស់ ក្តាប់ឲ្យជាប់ និងចូលរួមអនុវត្តប្រកប ដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ តាមរយៈវគ្គអប់រំនយោបាយនេះ ក៏ជាឱកាសដ៏មានតម្លៃផ្តល់ដល់មន្ត្រីយើងដែលមកពីគណបក្សនៃបណ្ដាក្រសួង ស្ថាប័ន រាជធានី ខេត្តផ្សេងៗគ្នា បានស្គាល់ និងផ្លាស់ប្តូរការយល់ដឹង បទពិសោធន៍ការងារជាមួយគ្នាផងដែរ។ តាមរយៈនេះ នឹងធ្វើឲ្យចំណងមិត្តភាពសាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សយើងកាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។

ដើម្បីធានាឲ្យវគ្គអប់រំនយោបាយជំនាន់ទី៨៨ នេះ ទទួលបានលទ្ធផលល្អ លោក ឯក សំអុល បានលើកយកប្រការមួយចំនួនដូចខាងក្រោម ៖ ១.សូមគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ខិតខំបំពេញភារកិច្ច និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងវគ្គអប់រំនយោបាយនេះឲ្យបានល្អ ២.សូមគ្រូឧទ្ទេសនាមគ្រប់រូបយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញារបស់ខ្លួន ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលខ្លួនមានដល់សិក្ខាកាមដោយទឹកចិត្តទូលំទូលាយ ៣.សូមសិក្ខាកាមគ្រប់រូបត្រូវប្រមូលផ្ដុំអារម្មណ៍ក្នុងការរៀនសូត្រ ការគោរពបទបញ្ជាផ្ទៃក្នុង និងវិន័យរបស់វគ្គដោយស្មារតីភ្ញាក់រឭក និងទទួលខុសត្រូវខ្ពស់ ធានាឲ្យការសិក្សាទទួលបានលទ្ធផលល្អ សំដៅយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការរៀនសូត្រនេះទៅបម្រើប្រជាជន គណបក្ស និងប្រទេសជាតិឲ្យកាន់តែបានល្អ និងមានប្រសិទ្ធភាពថែមទៀត ៤.សូមទាំងអស់គ្នាយកចិត្តទុកដាក់ដល់ការថែទាំសុខភាព ថែរក្សាចំណងមិត្តភាព សាមគ្គីភាពរវាងសិក្ខាកាម និងសិក្ខាកាម រវាងគណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេសនាមជាមួយសិក្ខាកាម រវាងសិក្ខាកាម និងមន្ត្រីបុគ្គលិកបម្រើការងាររបស់វគ្គដោយស្មារតីយោគយល់ និងសុខដុមរមនា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print