អន្តរជាតិ៖ ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ី កាលពីសប្តាហ៍មុន ទៅលើទីក្រុង Ternopil ភាគខាងលិចរបស់អ៊ុយក្រែន បានកើនឡើងដល់ ៣៤នាក់ហើយ ដែលជាការវាយប្រហារដ៏បង្ហូរឈាមបំផុតរបស់រុស្ស៊ីលើជនស៊ីវិលអ៊ុយក្រែន នៅក្នុងឆ្នាំ២០២៥នេះ។ នេះបេីតាមការបញ្ជាក់ពីអាជ្ញាធរអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ (២៣ វិច្ឆិកា ឆ្នាំ២០២៥)។
គួររម្លឹកថា មីស៊ីលរុស្ស៊ីមួយគ្រាប់បានវាយចំអគារផ្ទះល្វែងមួយកន្លែងនៅទីក្រុង Ternopil កាលពីថ្ងៃអង្គារសប្ដាហ៍មុន ពោលគឺនៅមុនពេលការលេចដំណឹងផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន។ ក្រៅពីអ្នកស្លាប់ដ៏ច្រើននេះ មនុស្សជាង ៩០នាក់ ផ្សេងទៀតបានរងរបួស។
ទន្ទឹមនឹងនេះ ការវាយប្រហារពីកងកម្លាំងទីក្រុងមូស្គូ នៅតែបន្តយ៉ាងខ្លាំងក្លា ដោយក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារដោយយានដ្រូន “ទ្រង់ទ្រាយធំ” ថ្មីមួយកាលពីថ្ងៃអាទិត្យ លើទីក្រុង Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន ដោយបង្កការស្លាប់ និងរងរបួសមួយចំនួនទៀត។ អភិបាលក្រុង លោក Ihor Terekhov បានសរសេរបង្ហោះលើកម្មវិធីផ្ញើសារតេលេក្រាមថា “មានការវាយប្រហារទ្រង់ទ្រាយធំមួយលើក្រុង Kharkov”។
ការវាយប្រហារចំនួន ១៥លើក ត្រូវបានកត់ត្រាក្នុងតំបន់ចំនួន ៦ នៃទីក្រុងភាគឦសានរបស់អ៊ុយក្រែនមួយនេះ។ គួរឱ្យដឹងថា ក្រុង Kharkiv ដែលស្ថិតនៅចម្ងាយ ៣០គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនរុស្ស៊ី បានជួបប្រទះការប៉ុនប៉ងរបស់រុស្ស៊ី ដើម្បីដណ្ដើមយកក្រុងនេះនៅដើមដំបូងនៃជម្លោះជិត ៤ឆ្នាំ ហើយចាប់តាំងពីពេលនោះមក Kharkiv គឺជាគោលដៅនៃការវាយប្រហារជាញឹកញាប់៕ដោយ៖តារា










