ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) នៅរសៀលថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពី អត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥)ដែលរៀបចំឡើង ដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បសហការជាមួយអង្គការ UNDP និងអង្គការ Vital Strategies ប្រចាំប្រទេសកម្ពុជា ដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ នៅសណ្ឋាគារ សាន់អេនម៉ូន រីវើរសាយ (Sun & Moon Riverside)។
ក្នុងពិធីបិទសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការលោក ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន(គ.ជ.ដ.អ.) ឯកឧត្តម លោកស្រីអគ្គនាយក អគ្គលេខាធិការ អគ្គាធិការ លោក លោកស្រី អគ្គនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម លោកជំទាវ ដែលអញ្ជើញមកពីក្រសួង ស្ថាប័ន ថ្នាក់ជាតិ លោក លោកស្រី អញ្ជើញមកពីតំណាងអគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ លោក លោកស្រី ភ្ញៀវកិត្តិយស ដែលអញ្ជើញមកពី រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្ដាល ព្រមទាំងតំណាងអង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលមានសមាសភាពចូលរួមសរុប២០០រូប មកពី៦៨ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។
ថ្លែងក្នុងពិធីបិទសិក្ខាសាលានេះ លោក ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងជាប្រធានលេខាធិការដ្ឋាន(គ.ជ.ដ.អ.) បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលសិក្ខាសាលាក្នុងថ្ងៃនេះ និងគោលបំណងយុទ្ធសាស្រ្តលើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពី អត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) ជូនលោកអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស នៃអង្គសិក្ខាសាលាផងដែរ។
ជាកិច្ចបញ្ចប់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន (គ.ជ.ដ.អ.) បានមានប្រសាសន៍ថ្លែងអំណរដល់តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការ ជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យ ឯកជន ដែលតែងចូលរួមសហការ លេីកកម្ពស់ការងារអត្តសញ្ញាណកម្មនៅកម្ពុជា សំដៅធានាការផ្តល់អត្តសញ្ញាណស្របច្បាប់នៅកម្ពុជា និងឆ្លេីយនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ៕
ដោយ ៖ សិលា










