ភ្នំពេញ ៖ ម្តងហើយម្តងទៀត ភាគីថៃតែងតែយកប្រធានបទស្តីពីការដើរជាន់មីននៃទាហានរបស់ខ្លួនមកធ្វើជាលេស ក្នុងការចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មី។ គោលដៅសំខាន់បំផុតរបស់ភាគីថៃគឺបង្កើតលេស ដើម្បីបង្ខូចឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ក្នុងគោលបំណងបង្វែរការចាប់អារម្មណ៍ពីការឈ្លានពានរបស់ខ្លួនមកលើអធិបតេយ្យភាពកម្ពុជា ក៏ដូចជាការបំពានមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។
ប៉ុន្តែ ល្បិចរបស់ថៃប្រៀបដូចជាការជីករណ្តៅកប់ខ្លួនឯង ឬបើនិយាយតាមសុភាសិតខ្មែរវិញគឺ «តម្រិះជិះកឯង»។ ហេតុអ្វី? ពីព្រោះសកម្មភាពដដែលៗរបស់ថៃបាននិងកំពុងបង្ហាញឱ្យពិភពលោកឃើញយ៉ាងច្បាស់អំពីគោលដៅទុច្ចរិតរបស់ខ្លួនទៅវិញទេ។
ទី១៖ នរណាក៏ដឹងដែរថា កម្ពុជាគឺជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ដោយក្នុងអំឡុងពេលនោះ គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះបានកប់យ៉ាងច្រើននៅក្នុងដី ពិសេសក្នុងតំបន់ដែលមានសង្គ្រាមផ្ទុះខ្លាំង ដូចជាតំបន់មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជាថៃជាដើម ដែលជាទីតាំងធ្លាប់មានការប្រយុទ្ធគ្នាពីអតីតកាល។
ទី២៖ ក្រោយទទួលបានសុខសន្តិភាពតាមរយៈនយោបាយឈ្នះ-ឈ្នះនាចុងទសវត្សរ៍ទី ៩០ កម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការដោះមីននិងគ្រាប់មិនទាន់ផ្ទុះដែលជាកាកសំណល់សង្គ្រាមចេញពីទឹកដីរបស់ខ្លួន ដោយបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាស្តីពីការហាមប្រាមការប្រើប្រាស់ គ្រាប់មីនប្រឆាំងមនុស្ស។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានដោះមីននិងគ្រាប់មិនទាន់ផ្ទុះជាង ៤លានគ្រាប់ រហូតបានក្លាយជាប្រទេសគំរូមួយក្នុងលោក ក្នុងការដោះមីននិងកាកសំណល់សង្គ្រាម ដែលទទួលបានការកោតសរសើរពីអង្គការសហប្រជាជាតិ។ បណ្តាប្រទេសជាច្រើនបានមកសិក្សាបទពិសោធន៍ដោះមីនពីកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជូនកងទ័ពមួកខៀវនិងអ្នកជំនាញ ដោះមីនទៅជួយបណ្តាប្រទេសមួយចំនួនក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
ទី៣៖ ការដើរជាន់មីនពីសំណាក់ទាហានថៃបង្ហាញរូបភាពពីរយ៉ាងគឺ៖ ម្យ៉ាង ប្រសិនបើការផ្ទុះមីនកើតឡើងនៅលើទឹកដីថៃ ច្បាស់ណាស់ថា គឺជាការទទួលខុសត្រូវរបស់ថៃ។ ប្រសិនបើថៃមិនបានដាក់មីននោះ ដោយខ្លួនឯងទេ ការផ្ទុះមីនមិនអាចកើតមានជាដាច់ខាតពីព្រោះប្រទេសថៃមិនធ្លាប់មានសង្គ្រាមស៊ីវិលទេ។ ការចោទថាទាហានកម្ពុជាលួចចូលទៅដាក់មីនក្នុងទឹកដីថៃគឺជារឿងដែលមិនអាចជឿបានទាល់តែសោះពីព្រោះកងទ័ពថៃត្រូវបានដាក់ពង្រាយគ្រប់ទិសទីក្នុងទីតាំង ដែលថៃអះអាងថាជាដែនអធិបេតយ្យភាពរបស់ខ្លួន។ ដូច្នេះ តើទាហានកម្ពុជាអាចលួចចូលទៅដាក់មីនលើដីថៃបានយ៉ាងដូចម្តេច? ម្យ៉ាងទៀត ប្រសិនបើការផ្ទុះនោះស្ថិតនៅលើដីខ្មែរ ប្រាកដណាស់ថានោះគឺជាមីនដែលសល់ពីសង្គ្រាមដែលទាហានថៃទន្ទ្រានចូលនិងដើរជាន់។ សម្មិតកម្មទី២ នេះហាក់ដូចជាសមទំនងណាស់ ពីព្រោះកងទ័ពថៃធ្វើសកម្មភាពរុករានរហូតក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់ដូចជាការដាក់បន្លាលួស និងការចល័ត កម្លាំងចុះឡើងដោយមិននៅស្ងៀមមួយកន្លែងដូចមានចែងក្នុងកិច្ចព្រមព្រៀងឈប់បាញ់ឡើយ។
ទី៤៖ ថៃតែងយកគ្រាប់មីនថ្មីមកបង្ហាញដោយអះអាងថា នោះជាមីនដែលដាំដោយកងទ័ពកម្ពុជា។ ត្រង់ចំណុចនេះ យើងគួរកត់សម្គាល់ថា នេះគឺជាឈុតឆាកច្រើនជាងការពិត។ ម្យ៉ាងទៀត មីនថ្មីឬចាស់មិនមែនជាហេតុផលដើម្បីទម្លាក់កំហុសទៅលើភាគីណាទេ។ អ្វីដែលសំខាន់នៅត្រង់ថា តើអ្នកណាជាអ្នកដាក់មីនទាំងនោះ? ក្នុងគោលបំណងអ្វី? តើអ្នកណាទទួលផលចំណេញពីបញ្ហានេះ? ក្នុងន័យនេះ បើចោទថាកម្ពុជាជាអ្នកដាក់មីន តើសមទំនងទេ បើកម្ពុជាសុំតែសុខ។ កម្ពុជាចង់បានតែសន្តិភាព។ កម្ពុជាធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ចៀសការផ្ទុះអាវុធ ហើយកម្ពុជាគ្រាន់តែការពារទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ។ តែបើថៃវិញ ធ្វើសកម្មភាពគំរាមកំហែង ចល័តកងទ័ព ដាក់បន្លាលួស បាញ់ចំពាមកៅស៊ូគ្រាប់ឃ្លីមកលើទាហានកម្ពុជា រួមទាំងការបាញ់គ្រាប់កាំភ្លើងពិតផងរាប់ដងមិនឈ្នះ។ ទាំងអស់នេះសុទ្ធសឹងជាសកម្មភាព បង្កហេតុ។ ដូច្នេះ ការដាក់មីនដើម្បីបង្កើតលេស បង្កើតសេណារីយ៉ូបង្កសង្គ្រាមជាមួយកម្ពុជា និងមួលបង្កាច់កម្ពុជា គឺជារឿងសមទំនងជាង។
សរុបមកវិញ ការផ្ទុះគ្រាប់មីនជាបន្តបន្ទាប់ និងការបំប៉ោងរឿងគ្រាប់មីនដើម្បីទម្លាក់កំហុសមកលើកម្ពុជាត្រូវគេមើលឃើញជាទូទៅថាជាសេណារីយ៉ូរបស់ថៃដើម្បីបង្កហេតុ និងបង្ខូចឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។ នេះជាករណីតែមួយគត់ដែលថៃគិតថាអាចយកប្រៀបលើកម្ពុជានៅលើឆាកអន្តរជាតិ។ ប៉ុន្តែ វាគឺជាការភាន់ច្រឡំដ៏ធំមួយរបស់ភាគីថៃ ពីព្រោះរឿងនេះមិនពិបាកយល់ឡើយសម្រាប់ក្រុមអ្នកវិភាគនិងតាមដាន បញ្ហាកម្ពុជាថៃ។ សូមកុំភ្លេចថា ទន្ទឹមនឹងការរៀបចំសេណារីយ៉ូដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថៃខ្លួនឯងបានបង្ហាញភស្តុតាងជារៀងរាល់ថ្ងៃថា ខ្លួនជាអ្នកគំរាមកំហែងឱ្យផ្ទុះសង្គ្រាម ជាអ្នកបង្កហេតុ ជាអ្នកបំពាន បទឈប់បាញ់ និងបំពានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព តាមរយៈពាក្យសម្តី និងសកម្មភាព ដែលមន្ត្រី ទាំងយោធានិងស៊ីវិលបាននិយាយ និងការផ្សព្វផ្សាយជារៀងរាល់ថ្ងៃរបស់សារព័ត៌មានថៃ។ ភស្តុតាងទាំងនេះត្រូវបានសហគមន៍អន្តរជាតិកត់ត្រាទុកយ៉ាងច្បាស់លាស់ ហើយដែលធ្វើឱ្យការរៀបចំសេណារីយ៉ូ របស់ថៃក្លាយជាយុទ្ធសាស្ត្រ «តម្រិះជិះកឯង»៕
ដោយ វង្ស មករា











