សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ ត្រូវបានធ្វើឡើងជិត២០ឆ្នាំមកហើយមិនមែនជារឿងថ្មីនោះទេ

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានធ្វើការឆ្លើយតបចំពោះមតិខ្លះលើកឡើងថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និងលេខ៥២-៥៩ ធ្វើឡើងដោយប្រញ៉ាប់ប្រញ៉ាល់ក្នុងរយៈពេលខ្លី ដែលការលើកឡើងបែបនោះមិនមែនជាការពិតនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនខាងលើមិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារបច្ចេកទេសដែលបន្តពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត២០ឆ្នាំមកហើយ។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលថ្មីៗនេះរួចហើយថា ក្នុងការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះដើម្បីវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង) ចំនួន៧៤បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមក ជាពិសេសនៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ៤២-៤៧ និង៥២-៥៩ ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះ និងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយ។ ក្នុងន័យនេះ ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និងលេខ៥២-៥៩ នៅពេលនេះ គឺជាការបន្តអនុវត្តការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា(MOU)ឆ្នាំ២០០០ ស្របតាមបែបបទការងារ (TOR) ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print