ខេត្តបន្ទាយមានជ័យៈ រដ្ឋបាលខេត្តបើកកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ បង្ក្រាបការរត់គេចពន្ធសាច់បង្កក និងទំនិញខូចគុណភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្ត។ ដោយមានការចូលរួមពី អភិបាល អភិបាលរងក្រុង-ស្រុក កងកម្លាំងទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ (ខ) សាលាខេត្ត នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោក ឃ្លោក នួយ អភិបាលរងខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារសេដ្ឋកិច្ចជាតិ និងសុខុមាលភាពប្រជាពលរដ្ឋពីផលប៉ះពាល់អវិជ្ជមាននៃការរត់គេចពន្ធ និងការនាំចូលទំនិញខូចគុណភាព។ បញ្ហាទាំងនេះមិនត្រឹមតែធ្វើឱ្យបាត់បង់ចំណូលពន្ធរបស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កហានិភ័យខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់ និងធ្វើឱ្យប៉ះពាល់ដល់ផលិតផលក្នុងស្រុកផងដែរ។
លោក ឃ្លោក នួយ បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាការរត់គេចពន្ធ ជាពិសេសសាច់បង្កក និងការនាំចូលទំនិញខូចគុណភាព គឺជាបញ្ហាដែលរដ្ឋបាលខេត្តមិនអាចមើលរំលងបានឡើយ។ យើងត្រូវតែចាត់វិធានការម៉ឺងម៉ាត់ និង ទប់ស្កាត់និងបង្ក្រាបបទល្មើសទាំងនេះឱ្យបានជាដាច់ខាត។ នេះគឺជាការទទួលខុសត្រូវរបស់យើងចំពោះជាតិ និងប្រជាជន។
លោក ឃ្លោក នួយ អភិបាលរងខេត្ត ក៏បានលើកឡើងនូវវិធានការសំខាន់ៗមួយចំនួនដែលអាជ្ញាធរខេត្ត នឹងពង្រឹង និងអនុវត្តន៍យ៉ាងសកម្ម រួមមាន ការបង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងមានសមត្ថកិច្ច ពង្រឹងការសម្របសម្រួល និងការចែករំលែកព័ត៌មានរវាងកម្លាំងនគរបាល កងរាជអាវុធហត្ថ កម្លាំងគយ និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត ដែលឈរជើងនៅតាមបណ្តោយព្រំដែន។ បង្កើនការត្រួតពិនិត្យយ៉ាងម៉ត់ចត់លេីរាល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ជាពិសេសយានយន្ត និងឃ្លាំងស្តុកទំនិញនានា ដើម្បីធានាថាទំនិញទាំងអស់ត្រូវបានបង់ពន្ធត្រឹមត្រូវ និងមានគុណភាពស្របតាមស្តង់ដារ។ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការត្រួតពិនិត្យ និងតាមដានការដឹកជញ្ជូនទំនិញ ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាព។ អនុវត្តច្បាប់ដោយម៉ឺងម៉ាត់ចំពោះអ្នកដែលប្រព្រឹត្តបទល្មើស ដោយមិនមានការលើកលែង។ បង្កើនការផ្សព្វផ្សាយ និងអប់រំដល់អាជីវករ និងប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃការរត់គេចពន្ធ និងការចរាចរទំនិញខូចគុណភាព ក៏ដូចជាការលើកទឹកចិត្តឱ្យពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរផងដែរ៕











