ភ្នំពេញ ៖ ផ្ទះជួល១កន្លែងត្រូវក្រុមចោរធ្វើសកម្មភាពចូលលួចយកម៉ូតូថ្មីៗអស់ចំនួន ៣គ្រឿង ដោយបណ្តើរម៉ូតូចាស់ៗទុកខាងក្រៅផ្ទះនិងបន្សល់ទុកម៉ូតូម៉ាកស្តូពី១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១BG.០៩៥៥ ដែលជិះធ្វើសកម្មភាពនិងដែកសម្រាប់កាច់កម៉ូតូមួយ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្ទះជួលក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម៉ូតូទាំង៣គ្រឿងដែលក្រុមចោរលួចយកទៅបាត់រួមមាន ១-ម៉ាកហុងដាឃ្លីកពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១JM-1687 មានម្ចាស់ឈ្មោះផូ ធុយ ភេទស្រី, ២-ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពាក់ផ្លាកលេខ កំពងចាម ១B-៧៨២៩ មានម្ចាស់ឈ្មោះឆោម ប៊ុនថាន ភេទប្រុស មានលំនៅភូមិព្រែកតាកែ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម (ម្ចាស់ម៉ូតូខាងលើជាប្តីប្រពន្ធនឹងគ្នា) និង ៣-ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ ១IO-៦៣៣០ ម្ចាស់ឈ្មោះខន សុផារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅភូមិពុល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
តាមព័ត៌មានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹកថ្ងៃកើតហេតុនេះ នៅពេលដែលភ្ញាក់ពីដេកម្ចាស់ម៉ូតូដែលជួលផ្ទះស្នាក់នៅជាន់ទី១ ក៏បានចុះមកក្រោមដើម្បីយកម៉ូតូជិះទៅធ្វើការ ស្រាប់តែឃើញទ្វារចំហបាត់ម៉ូតូអស់ពីក្នុងបន្ទប់ដាក់ម៉ូតូ។
តាមព័ត៌មានឱ្យដឹងទៀតថា នៅក្នុងបន្ទប់ទុកម៉ូតូមានចំនួន៥គ្រឿង ហើយ ក្រុមចោរបានលួចយកតែម៉ូតូថ្មីៗអស់៣គ្រឿង ។ ដោយម៉ូតូចាស់ៗម៉ាក់វីវ៉ា១ គ្រឿងនិងម៉ូតូកូនទា១គ្រឿងត្រូវចោរបណ្ដើរចេញយកទៅទុកនៅខាងក្រៅផ្ទះ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលក៏ប្រទះឃើញម៉ូតូម៉ាកស្គូពីមួយគ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ១BG.០៩៥៥ដែលជិះធ្វើសកម្មភាពនិងដែកសម្រាប់កាច់កម៉ូតូនៅក្បែរនោះដែលក្រុមចោរប្លុងចោលហើយលួចយកម៉ូតូថ្មីៗរបស់ជនរងគ្រោះទៅបាត់។
នៅព្រឹកនោះដែរ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី ៣ ក៏បានចុះទៅស្រាវជ្រាវនៅកន្លែងកើតហេតុនិងបានឆែកឆេរកាមេរ៉ាសុវត្ថិភាព ។ នៅបន្ទប់ដាក់ម៉ូតូសមត្ថកិច្ចរកពុំឃើញមានសោចាក់ដែលបន្សល់ទុកនោះឡើយ។
សមត្ថកិច្ចមានការសង្ស័យថា បន្ទប់ដាក់ម៉ូតូខាងលើពុំបានចាក់សោនោះទេ។ទោះបីជាយ៉ាងណាម្ចាស់ម៉ូតូម្នាក់បានអះអាងថា នៅយប់នោះខ្លួនបានចូលផ្ទះក្រោយគេនិងបានចាក់សោត្រឹមត្រូវស្រាប់តែព្រឹកឡើងចោរឆ្កឹះសោយកម៉ូតូទៅបាត់ ហើយបើកទ្វារលួចម៉ូតូអស់៣គ្រឿងនៅសល់តែម៉ូតូចាស់ៗ២គ្រឿង។
ក្រុមចោរអាចមានគ្នា៣នាក់ជិះម៉ូតូមកធ្វើសកម្មភាពលួច ពេលលួចបានក៏បន្សល់ទុកម៉ូតូដែលជិះធ្វើសកម្មភាពតែម្ដង ៕










