ខេត្តមណ្ឌលគិរី៖ រយៈពេល២ថ្ងៃគឺនៅថ្ងៃទី២៤និងទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ កម្លាំងនគរបាលខេត្តមណ្ឌលគិរី បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៤ ទីតាំង នៅក្នុងភូមិសាស្ត្រ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី រួមទាំងការ ចូលរួមពីអាជ្ញាធរមូលដ្ឋាន។
ទីតាំងនិងលទ្ធផលនៃប្រតិបត្តិការសេចក្តីរាយការណ៍ថា ទីតាំងទី១ (ថ្ងៃទី២៤ខែវិច្ឆិកា វេលាម៉ោង ១៤:៥៦ នាទី) នៅ រោងចាំចំការ ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងជំនាញប្រឆាំងគ្រឿង ញៀននៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានចុះបង្ក្រាប។ ជាលទ្ធផលមុខសញ្ញាឈ្មោះ ឯល យូសុះ ភេទ ប្រុស អាយុ ៤២ ឆ្នាំ (រស់នៅភូមិឆ្នែង) បានរត់គេចខ្លួនចូលព្រៃបាត់។ កម្លាំងជំនាញបានឆែកឆេរ និងដកហូតបាន ឧបករណ៍ជក់ថ្នាំញៀនមួយចំនួន។
ទីតាំងទី២(ថ្ងៃទី២៤ខែវិច្ឆិកាវេលាម៉ោង ២១:២៣នាទី) នៅរោងឡានរបស់ឈ្មោះ ណយ សឹង ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម។ យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ កម្លាំងជំនាញបានចុះបង្ក្រាប។ លទ្ធផលឃាត់ខ្លួនជនសង្ស័យ២ នាក់ (ភេទប្រុស)និងដកហូតបាន ថ្នាំញៀនចំនួន ០៥ កញ្ចប់។
ទីតាំងទី៣(ថ្ងៃទី២៥ ខែវិច្ឆិកាវេលាម៉ោង០៩:២០ នាទី) នៅ រោងចាំចំការរបស់ឈ្មោះ លី ម៉ារី នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ដោយមានចម្លើយសារភាពពីជនសង្ស័យ កម្លាំងជំនាញបានបន្តនីតិវិធីចុះបង្ក្រាប។ លទ្ធផលឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ (ភេទប្រុស) និងដក ហូតបាន ថ្នាំញៀនចំនួន១១ កញ្ចប់។ ក្នុងចំណោមជន សង្ស័យទាំងនោះ មានឈ្មោះ ហ៊ីម ឡៃ ដែលមាន ដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន ០៣ ដីកា។
ចំណែកទីតាំងទី៤ (ថ្ងៃទី២៥ ខែវិច្ឆិកា)នៅរោងរបស់ឈ្មោះ សាន សារី (ហៅ ថា) ស្ថិតនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម។ លទ្ធផល ឃាត់ខ្លួនជនសង្ស័យ ០៤ នាក់ (ភេទប្រុស) និងដកហូតបាន អាវុធកែច្នៃចំន៦ ដើម។
យោងតាមរបាយការសមត្ថកិច្ចសរុបលទ្ធផល និងវត្ថុតាងដកហូតបាន ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបចំនួន ៤ ទីតាំងខាងលើ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យសរុប: ០៩ នាក់ (ភេទប្រុស)។ វត្ថុតាងដកហូតបានរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)សរុប១៨កញ្ចប់ (៦កញ្ចប់ធំល្មម,១២ កញ្ចប់តូច) មានទម្ងន់សរុប ៧១.១០ក្រាម (ថ្លឹងទាំងសំបក),អាវុធកែច្នៃ៧ ដើម,ម៉ូតូ៣ គ្រឿង, ទូរសព្ទ ៧ គ្រឿង,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១ គ្រឿងកន្ត្រៃ៣, និងកាបូបស្ពាយពណ៌ខ្មៅ០១។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ កំពុងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕










