ខេត្តសៀមរាប ៖ ករណីបូមសាំងដាក់ដបបណ្ដាលឲ្យ ឆាបឆេះប្រេងសាំង មិនបង្កឱ្យមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរ ខណៈកំពុងអង្គុយបូមប្រេងសាំងចេញពីប៊ីដុងចំណុះ៣០លីត្រ ដាក់ចូលទៅក្នុងដបចំណុះ១លីត្រ ទុកសម្រាប់លក់ ។ ទោះជាបែបណា ការឆាបឆេះបានរាល ដាលដល់រថយន្ត១គ្រឿង និង ម៉ូតូ១គ្រឿង បណ្តាលឱ្យខូចខាតរថយន្តមួយកំណាត់ខាងក្រោយ និងម៉ូតូឆេះអស់ទាំងស្រុង ប៉ុន្តែមិនធ្វើឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
ឧប្បត្តិហេតុឆាបឆេះរថយន្ត និងម៉ូតូនេះ បានកើតឡើងនៅវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅត្រង់ចំណុចក្នុងបរិវេណមុខផ្ទះជួលរបស់ជនរងគ្រោះ ក្នុងក្រុម១ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា អ្នកជួលផ្ទះឈ្មោះ ជួប រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្តី មានស្រុកកំណើតនៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នជួលផ្ទះរកស៊ីលក់ដូរនៅក្នុងក្រុម១ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប និងប្រពន្ធឈ្មោះ សូ ដានី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ករណីអគ្គិភ័យឆាបឆេះប្រេងសាំង ឆេះរថយន្ត និងម៉ូតូនេះ បណ្តាលមកពីឈ្មោះ សូ ដានី បានអង្គុយបូមប្រេងសាំងចេញពីប៊ីដុងចំណុះ៣០លីត្រ ដាក់ចូលដបចំណុះ១លីត្រទុកសម្រាប់លក់ (ដបសាំង)។ នៅពេលកំពុងបូមសាំងនោះ ក៏មានការផ្ទុះឆេះជាអណ្តាតភ្លើង ឆេះពីក្នុងប៊ីដុងជះមកខាងក្រៅ ហើយស្ត្រីអ្នកបូមប្រេងដាក់ដប បានស្ទុះរត់ចេញ ហើយអណ្តាតភ្លើងក៏ឆាបឆេះរាលដាលដល់ ម៉ូតូ១គ្រឿង ម៉ាក HONDA CLICK ពណ៌ស ស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ ភ្នំពេញ ១BV-៣៦៥៩ គឺឆេះអស់ទាំងស្រុង រីឯរថយន្តម៉ាក Toyota Prius ពណ៌ស ស៊េរីឆ្នាំ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ ២AP-៨៨៤៤ ឆេះខូចខាតមួយកំណាត់ខាងក្រោយ ជារបស់ខ្លួនផ្ទាល់ ក្រៅពីនេះមិនមានការខូចខាត និងប៉ះពាល់ដល់អាយុ ជីវិតមនុស្សណាម្នាក់ ឬរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
សូមបញ្ជាក់ថា ករណីឆាបឆេះរថយន្ត និងម៉ូតូនេះ ត្រូវបានប្រជាពលរដ្ឋជួយយកបំពង់បាញ់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ និងទាញទុយោទឹកបាញ់ ព្រមទាំងដង ទឹកមកជះពន្លត់ ទើបអាចទប់ទល់នឹងស្ថានភាពភ្លើងឆេះនេះបាន ពេលនោះក៏ឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការ មកជួយបាញ់ពន្លត់ ប្រើប្រាស់ទឹកអស់១រថយន្ត ។ ការឆាបឆេះរថយន្ត និងម៉ូតូអស់ ទាំងស្រុងនេះ បណ្តាលមកពីម្ចាស់ធ្វេសប្រហែស ក្នុងការបូមសាំងដាក់ដបលក់ ។ តម្លៃនៃការខូចខាត បើគិតជាទឹកប្រាក់មានប្រមាណជា ៥ ០០០ដុល្លារ ។
ហានិភ័យបែបនេះ នៅតែជាប្រភពនៃការរងគ្រោះ ដោយសារតែការលក់ដូរប្រេងឥន្ធនៈដាក់ដប មិនមានធានាសុវត្ថិភាពនោះទេ នេះជាសំណាងហើយ ដែលការឆាបឆេះមានទំហំមិនមធំដុំ ដែលកន្លងមកមានការឆេះស្លាប់ទាំងមនុស្សផងដែរ ៕










