កម្ពុជា ជំរុញអង្គការ UNESCO ចាត់វិធានការជាបន្ទាន់ករណីថៃ លួចចម្លងប្រាសាទអង្គរវត្ត

ចែករំលែក៖

ភ្នំពេញ​៖​ ជាថ្មីម្តងទៀត កម្ពុជាជំរុញដល់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាអ្នកច្បាប់នៃអង្គការយូណេស្កូ ចាត់វិធានការជាបន្ទាន់ករណីថៃលួចចម្លងប្រសាទអង្គរវត្ត ដោយអះអាងថា ការចម្លងនេះប៉ះពាល់សភាពដើម វប្បធម៌ខ្មែរ និងតម្លៃលេចធ្លោជាសកល។

ការជំរុញជាថ្មីនេះ ធ្វើឡើងតាមរយៈរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា អញ្ជើញចូលរួមក្នុងនៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកស្រី Gayane UMEROVA ប្រធានអង្គប្រជុំរដ្ឋភាគីលើកទី២៥ និងមានការចូលរួមដោយ លោក khaled Ahmed EL-ENANI ALI EZZ អគ្គនាយកអង្គការយូណេស្កូ។

ឆ្លៀតក្នុងឱកាសអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះ លោកស្រី ភឿង សកុណា បានទាញចំណាប់អារម្មណ៍នៃកិច្ចប្រជុំទាំងមូលស្តីអំពីនិន្នាការនៃការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំនូវទ្រង់ទ្រាយដើមនៃសម្បត្តិបេតិកភណ្ឌពិភពលោកនិងកង្វះខាតនូវបទបញ្ញត្តិនៃការប្រតិបត្តិក្នុងអនុសញ្ញាឆ្នាំ១៩៧០និងអនុសញ្ញាឆ្នាំ១៩៧២នាពេលកន្លងមក។

បន្ថែមលើនេះ លោកស្រីបានរំលឹកអំពីបទអន្តរាគមន៍កាលពីខែកក្កដា ឆ្នាំ២០២៥កន្លងមកដែលពេលនោះបានលើកឡើងម្តងរួចមកហើយនូវការសាងសង់ចម្លងប្លង់ប្រាសាទអង្គរវត្តនៅប្រទេសជិតខាង។ លោកស្រីសង្កត់ធ្ងន់ថា៖« ព្រោះ​ការណ៍នេះគឺជាសកម្មភាពខ្វះខាតនូវក្រមសីលធម៌ដែលអាចនាំមកនូវការប៉ះពាល់មិនត្រឹមតែសភាពដើម និងតម្លៃលេចធ្លោជាសកលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់អត្តសញ្ញាណនៃបេតិកភណ្ឌអរូបីរបស់ប្រជាជនម្ចាស់ស្រុកផងដែរ»។

តាមរយៈវេទិកាអន្តរជាតិនេះ លោកស្រីបញ្ជាក់ថា កម្ពុជាអំពាវនាវយ៉ាងមុតមាំដល់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាអ្នកច្បាប់នៃអង្គការយូណេស្កូធ្វើការយកចិត្តទុកដាក់ជាបន្ទាន់លើបញ្ហានេះដោយកំណត់នូវទិសដៅច្បាស់លាស់ក្នុងក្របខណ្ឌអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ និងធ្វើការរួមជាមួយបណ្តារដ្ឋភាគីដើម្បីទប់ស្កាត់នូវសកម្មភាពអវិជ្ជមានដែលអាចកើតឡើងនាពេលអនាគតក្នុងបរិបទសកលភាវូបនីយកម្ម។

...

ការជំរុញជាថ្មីរបស់ភាគីកម្ពុជា បន្ទាប់ពីថៃនៅតែសាងសង់សំណង់ដែលដូចទៅនឹងប្រាសាទអង្គរវត្តមិនបញ្ឈប់ឡើយ បើទោះបីជាភាគីកម្ពុជា បានខិតខំព្យាយាមជាច្រើនលើកច្រើនសារក្នុងការជជែកជាមួយភាគីថៃក៏ដោយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print