អ៊ុយក្រែនយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពហើយ ដែលស្នើឡើងដោយអាមេរិក

ចែករំលែក៖

សារព័ត៌មាន CNN នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានផ្សាយថា មន្ត្រីសហរដ្ឋអាមេរិកម្នាក់បានប្រកាសថា អ៊ុយក្រែនបានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីហើយ ដោយនៅសល់តែ «ព័ត៌មានលម្អិតតូចតាច» ប៉ុណ្ណោះ ប៉ុន្តែប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ។

ខណៈដែលរដ្ឋលេខាធិការកងទ័ពអាមេរិក លោក Dan Driscoll កំពុងជួបជាមួយមន្ត្រីរុស្ស៊ីនៅអាប៊ូដាប៊ី (Abu Dhabi) ដើម្បីពិភាក្សាអំពីសំណើរបស់រដ្ឋបាលលោក ត្រាំ មន្ត្រីអាមេរិករូបនេះបានអះអាងថា «អ៊ុយក្រែនបានយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពហើយ។ មានព័ត៌មានលម្អិតតូចតាចមួយចំនួនដែលត្រូវដោះស្រាយ ប៉ុន្តែពួកគេបានយល់ព្រមហើយ»។
ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍នេះហាក់ដើរលឿនជាងជំហរផ្លូវការរបស់អ៊ុយក្រែន។ លោក Rustem Umerov លេខាធិការសន្តិសុខជាតិអ៊ុយក្រែន បានបញ្ជាក់ថា គណៈប្រតិភូគ្រាន់តែ «ឈានដល់ការយល់ដឹងរួមលើលក្ខខណ្ឌស្នូល» ប៉ុណ្ណោះ ហើយអ៊ុយក្រែនទន្ទឹងរង់ចាំដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី ទៅកាន់អាមេរិក ដើម្បី «បញ្ចប់ជំហានចុងក្រោយ» ជាមួយលោក ត្រាំ។
នៅក្នុងការបង្ហោះមួយនៅលើ X កាលពីព្រឹកមិញនេះ លោក ហ្សេលេនស្គី បានលើកឡើងថា «បន្ទាប់ពីកិច្ចប្រជុំនៅហ្សឺណែវ យើងឃើញមានលទ្ធភាពជាច្រើន។ យើងមានលទ្ធផលរឹងមាំ ប៉ុន្តែការងារជាច្រើនទៀតនៅតែស្ថិតនៅខាងមុខ»។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរបស់លោក Driscoll បាននិយាយថា កិច្ចពិភាក្សាជាមួយរុស្ស៊ី «កំពុងដំណើរការល្អ ហើយយើងនៅតែមានសុទិដ្ឋិនិយម»៕

...

រូប​ថត​:AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print