លោក រស់ ផារិទ្ធ អញ្ជើញបើកការដ្ឋានផ្លូវចាក់បេតុងអាម៉េ ប្រវែង៩០០ម៉ែត្រស្ថិតនៅឃុំពងទឹក ស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង: លោក រស់ ផារិទ្ធ អភិបាលរងខេត្ត តំណាងលោក ប៉េងពោធិ៍សា អភិបាលខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានអញ្ជើញបើកការដ្ឋានជុសជុលកែលម្អផ្លូវលំទៅជាផ្លូវចាក់បេតុងអាម៉េប្រវែង៩០០ម៉ែត្រ ដែលជាគម្រោង មូលនិធិឃុំឆ្នាំ២០២៥ ស្ថិតនៅភូមិសេកយំ ឃុំពងទឹក ស្រុករំដួល។

ក្នុងឱកាសនោះ លោក រស់ ផារិទ្ធ  បានមានប្រសាសន៍ថា ផ្លូវចាក់បេតុងដែលនឹងត្រូវបើកការដ្ឋានជុសជុលនៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសេកយំ ឃុំពងទឹក ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុករំដួលព្រោះនៅពេលផ្លូវបេតុងនេះជួសជុលសាងសង់រួចគឺសម្រួលដល់ការធ្វើដំណើរទៅវិញទៅមក ពិសេសមានភាពងាយស្រួលក្នុងការដឹកកសិផល របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងឃុំទៅកាន់ទីផ្សារ។

លោកបានសន្យាបន្តជួសជុល សាងសង់ផ្លូវបេតុងបន្ថែមទៀតនៅឃុំពងទឹក ក្នុងស្រុករំដួលនាឆ្នាំក្រោយៗទៀត។

សមិទ្ធផលផ្លូវបេតុងនេះ គឺបានមកដោយសារប្រទេសមានសុខសន្តិភាព ស្ថិរភាពពេញលេញទូទាំងប្រទេស ហើយកត្តាសន្តិភាពនេះហើយដែលបានធ្វើឱ្យប្រទេសមានការអភិវឌ្ឍនៅគ្រប់កន្លែង និងគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកក៏បានស្នើដល់អាជ្ញាធរឃុំពងទឹកក៏ដូចជាស្រុកនិងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ដើម្បីឱ្យប្រទេសរបស់យើងបន្តអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត។ សូមឱ្យប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវនេះនិងរស់នៅអមសងខាងផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួម ហើយការធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចៀសសវាងគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ។

លោកសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលរដ្ឋបាលឃុំសម្រេចបាន ដែលកើតចេញពីការរួបរួមសាមគ្គីគ្នា រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ ពិសេសការចូលរួមនិងសហការបានល្អរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។

បន្ថែមពីនេះលោកបានជំរុញឱ្យក្រុមហ៊ុន ដែលទទួលការសាងសង់ត្រូវធានាឱ្យបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាពនិងប្រើប្រាស់បានយូរអង្វែង ត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឱ្យបានហ្មត់ចត់បំផុតផងដែរ៕ ដោយសុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print