មន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ៖ App No Drugs ជាកម្មវិធីទំនើបដែលបង្កើតឡើងសម្រាប់ជួយសហគមន៍ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ លោក កៅ អ៊ឹមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ឌី រ៉ាដូ អភិបាលរង តំណាងអភិបាលខេត្តប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប សុទ្ធតែបានលើកឡើងថា App NoDrug គឺជាកម្មវិធីទំនើបសម្រាប់ជួយសហគមន៍ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ការលើកឡើងរួមគ្នាពីសារៈសំខាន់របស់ App NoDrug ពីសំណាក់មន្ត្រីជាន់ខ្ពស់ទាំងបីរូបនេះ បានធ្វើឡើងនៅក្នុងឱកាសបើកយុទ្ធនាការអប់រំ និងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន លើកទី៣ នៅទីរួមខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន-មន្ទីរព័ត៌មាន មន្រ្តីរាជការនៃមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត សិស្សានុសិស្ស យុវជន យុវនារី ប្រជាពលរដ្ឋប្រមាណជាង១០០០នាក់។

មន្ត្រីជាន់ខ្ពស់ទាំងបីរូបនេះ សុទ្ធតែបានគូសបញ្ជាក់ថា App No Drugs វាមានតួនាទីសំខាន់ក្នុងការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ ការបញ្ចប់បញ្ហាគ្រឿងញៀនត្រូវការការចូលរួមរួមពីអាជ្ញាធរ សហគមន៍ សាលារៀន និងគ្រួសារ។

លោក កៅ អ៊ឹមរ៉ន និងឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានបង្ហាញពីលក្ខណៈពិសេសរបស់ App No Drug អ្នកប្រើអាចប្រាប់រាល់ទីតាំងករណីបានច្បាស់ដើម្បីឱ្យអាជ្ញាធរចូលដល់ទីតាំងបានលឿន, អនាមិកធានាអត្តសញ្ញាណអ្នករាយការណ៍, អាជ្ញាធរអាចផ្ញើសារជូនដំណឹងទៅប្រជាពលរដ្ឋអំពីស្ថានភាពគ្រឿងញៀន និងផ្តល់អត្ថបទ វីដេអូ និងសារផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀន។

លោក កៅ អ៊ឹមរ៉ន និងលោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមថា App No Drug ជាឧបករណ៍សំខាន់ក្នុងការកសាងបាននូវសហគមន៍មានសុវត្ថិភាព និងគ្មានគ្រឿងញៀនជួយឱ្យប្រជាពលរដ្ឋចូលរួមជួយដល់អាជ្ញាធរចាត់វិធានការប្រឆាំងគ្រឿងញៀនមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានគូសបញ្ជាក់ថា ការចូលរួមទាំងអស់គ្នាក្នុងការផ្សព្វផ្សាយអប់រំស្តីពី បញ្ហាគ្រឿងញៀន ពង្រីកការប្រើប្រាស់ App NoDrugs ធ្វើឱ្យបញ្ហាគ្រឿងញៀនរួមតូច។៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print