ខេត្តកណ្ដាល÷មន្ត្រីនគរបាលនៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងនៅថ្ងៃ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងខ្យាងនិងកម្លាំងប្រជាការពារបានឃាត់ ខ្លួនក្រុមក្មេងទំនើង៤នាក់ ដែលកំពុងធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។ ហេតុការណ៍នេះកើត ឡើងនៅវេលាម៉ោង ២០និង១០ នាទី ថ្ងៃទី២៧ វិច្ឆិកា ២០២៥ នៅលើផ្លូវបេតុងក្រវ៉ាត់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ប្រភពសមត្ថកិច្ចបានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង ៤ នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ យុវជនទី១ ឈ្មោះ ជា ដេវិត ភេទប្រុស អាយុ ១៨ឆ្នាំមុខរបររត់តុ, យុវជនទី២ ឈ្មោះ ហេង សំរ៉ុង ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខ របរកម្មកររោងចក្រ,យុវជនទី៣ឈ្មោះផូ ផាន់នី ភេទ ប្រុស អាយុ ១៧ឆ្នាំមុខរបររត់តុ និងទី៤ ឈ្មោះ ទី សីហា ភេទ ប្រុស អាយុ ១៤ឆ្នាំ មុខរបរកម្មករដែក។
វត្ថុតាងចាប់យករួមមាន ម៉ូតូចំនួន២គ្រឿង គឺម៉ាក Honda dream C125 ពណ៌ខ្មៅ (តាកែវ 1G-8150) និង ម៉ាក Suzuki nex (ភ្នំពេញ 1GM-5347) រួមទាំងទូរស័ព្ទ ០៤គ្រឿង។
សមត្ថកិច្ចបានបន្តថា ក្រុមក្មេងទំនើងទាំងបួននាក់បានបបួលគ្នាជិះម៉ូតូដើរលេងនៅព្រលានយន្តហោះអន្តរជាតិតេជោ។ លុះដល់វេលា ២០និង១០នាទី នាថ្ងៃដដែល កម្លាំងប៉ុស្តិ៍និងកម្លាំងប្រជាការពារដែលកំពុងល្បាត បាន ប្រទះឃើញក្រុមក្មេងទំនើងខាងលើកំពុងធ្វើសកម្មភាពបង្ហោះម៉ូតូបានចម្ងាយប្រហែល ២០ម៉ែត្រក៏ឃាត់ខ្លួន ភ្លាមៗ។ តាមចម្លើយសារភាព ក្រុមក្មេងទំនើងទាំងនេះពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈប្រាកដមែន ហើយធ្លាប់បង្ហោះម៉ូតូនៅតាមផ្លូវបេតុងក្នុងព្រលានអន្តរជាតិតេជោចំនួន ០១លើករួចមកហើយ។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង ០៤នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីសុំការ អនុញ្ញាតអប់រំ និងប្រគល់ឲ្យអាណាព្យាបាលអប់រំបន្ត៕










