ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃចុងក្រោយ នៃការរំកឹលធ្នឹមស្ពានចាក់អង្រែក្រោម-ព្រែកប្រា ឆ្លងកាត់ធ្វើជាតិលេ២ ស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដំណើរការរំកឹលធ្នឹមស្ពានព្រែកប្រា-ចាក់អង្រែក្រោមបានចាប់ផ្តើមពីថ្ងៃទី២៩,៣០ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទៅ០១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាផ្នែកមួយបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ រំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់កំណាត់ផ្លូវជាតិលេខ២(ចំណុចការដ្ឋានស្ពាន-ក្បែរសាលាACE)។
អ្នកនាំពាក្យក្រសួងសាធារណការ បានបញ្ជាក់ថា គិតត្រឹមបំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៥៣%ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
លោកអ្នកនាំពាក្យ បានបន្តថា តាមប្រតិទិនការដ្ឋានបានស្តែងឱ្យឃើញថា ដំណើរការស្ថាបនា មិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ។
ពេលសាងសង់រួច ស្ពាននេះនឹងជួយ៖
-កាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។
– ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ ។
-កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ៕
ដោយ៖តារា










