ភ្នំពេញ៖ ក្រុមអត្តពលិកកីឡាតុងហ្គីលម៉ូដូកម្ពុជាដែលដណ្តើមបានមេដាយសំរឹទ្ធិចំនួន៤គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡាឈុនជូ២០១៦វើលម៉ាស់សូអាតម៉ាស្ទើរស៊ីបនៅប្រទេសកូរ៉េបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៦ដោយមានការអញ្ជើញទៅទទួលប្រតិភូពីសំណាក់សាច់ញាតិបងប្អូនកីឡាករកីឡាការិនី និងលោក ចំរើន សុផល អគ្គលេខាធិការសហព័ន្ធកីឡាតុងហ្គីមម៉ូដូកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដើម្បី បំពាក់កម្រងផ្កានិងលើកទឹកចិត្ត ។
លោក ចំរើន សុផល អគ្គលេខាធិការសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាបានឲ្យដឹងថា ក្រោយពីបញ្ចប់កម្មវិធីប្រកួតកីឡាយុទ្ធគុនចម្រុះវើលម៉ាស់សូអាតម៉ាស្ទើរស៊ីប នៅប្រទេសកូរ៉េអត្តពលិកទាំង៥នាក់របស់កម្ពុជាបានមកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាព និងបាននាំយកមេដាយចំនួន៤គ្រឿងមកជាមួយផងដែរ។ លោកបន្តទៀត ថា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាឈុនជូ២០១៦នោះមានប្រភេទកីឡាយុទ្ធគុនចម្រុះចំនួន១៥ប្រភេទ មកពី៦០ប្រទេស ដោយឡែកសម្រាប់អត្តពលិកកីឡាតុងហ្គីម៉ូដូ វិញមានប្រទេសចំនួន១៦បានបញ្ជូនអត្ត ពលិករបស់ខ្លួនទៅចូលរួម ក្នុងនោះមានប្រទេសកម្ពុជាយើងផងដែរ ។
លោកបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិ ការណ៍ម៉ាស់សូអាតនេះអត្តលពលិកកម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធិចំនួន៤គ្រឿង គឺកីឡាការិនី ម៉ាន់ ស៊ីម៉ា រកបាន២គ្រឿងម្នាក់ឯងលើវិញ្ញាសាប្រយុទ្ធឯកត្តជនដោយប្រកួតឈ្នះកីឡាការិនីមកពីប្រទេសហ្វុីលីពីន និងប្រកួតចាញ់កីឡាការិនីប្រទេសថៃ។រីឯមេដាយសំរឹទ្ធិ១គ្រឿងទៀតរកបានលើ វិញ្ញាសាប្រកួតសម្តែងជាក្រុម ក្នុងនោះមាន កីឡាការិនី ម៉ាន់ ស៊ីម៉ា, កីឡាករសួន កុងស៊ុល និងកីឡាករតាំង ប៉ូហេង រីឯមេដាយ សំរឹទ្ធិ១គ្រឿងទៀតរកបានដោយកីឡាករ សួន កុងស៊ុល ជាឯកត្តជន។
លោកបញ្ជាក់ថា បន្ទាប់ពីចប់ការប្រកួត អត្តពលិកកីឡាតុងហ្គីលម៉ូដូកម្ពុជាបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីកីឡាតុងហ្គីល ម៉ូដូជាមួយបណ្តាប្រទេសផ្សេងៗទៀតចំនួន២ថៃ្ងនៅប្រទេសកូរ៉េដើម្បីបានយល់ដឹង បន្ថែមពីច្បាប់ប្រកួតថ្មីៗរបស់សហព័ន្ធ កីឡាតុងហ្គីលម៉ូដូអន្តរជាតិសម្រាប់បណ្តុះបណ្តាលដល់កីឡាករកីឡាការិនីតុងហ្គីលម៉ូដូកម្ពុជា៕
ដោយ៖ សារីម