បើទោះបីជាអាជ្ញាធររាជធានីភ្នំពេញប្រកាសរឹតបន្តឹងមិនអនុញ្ញាតឲ្យរថយន្តធំៗ ធ្វើចរាចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញយ៉ាងណាក្តី ប៉ុន្តែគេសង្កេតឃើញថា រថយន្តធំៗសណ្តោងរ៉ឺម៉កវែងៗនៅតែបន្តធ្វើចរាចរណ៍កណ្តាលក្រុងដដែល ។ មានន័យថា បទបញ្ជារបស់អាជ្ញាធរមិនមានប្រសិទ្ធភាពសម្រាប់ម្ចាស់រថយន្តធំៗទាំងនោះទេ ។
មានហានិភ័យច្រើនណាស់នៅគ្រាដែលរថយន្តធំៗបើកបរកណ្តាលរាជធានីនោះ។ ក្រៅពីបង្កឲ្យមានការកកស្ទះចរាចរណ៍មានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដែលបណ្តាលមកពីរថយន្តធំៗទាំងនោះ។ នៅពេលដែលរថយន្តធំៗសណ្តោងរ៉ឺម៉កត្រូវការបត់គឺវាបានធ្វើឲ្យរាំងស្ទះដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវ ហើយអាចនឹងបង្កគ្រោះថ្នាក់ថែមទៀត។ រថយន្តធំៗបត់ទទឹងទទែងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវ ។
ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទយល់ឃើញថា វិធានការរបស់អាជ្ញាធររាជធានី ភ្នំពេញពិតជាត្រឹមត្រូវណាស់ក្នុងការរាំងខ្ទប់មិនឲ្យរថយន្តធំៗធ្វើចរាចរណ៍កណ្តាលរាជធានីទាំងថ្ងៃនោះ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺវិធានការនេះមិនមានប្រសិទ្ធភាពនោះឡើយ។ ជួនកាលគេឃើញរថយន្តធុនធំសណ្តោងកន្ទុយរ៉ឺម៉កធ្វើចរាចរណ៍ ទាំងព្រឹកព្រលឹមតាមបណ្តោយមហាវិថីម៉ៅសេទុង។ នៅតាមផ្លូវផ្សេងៗទៀតក៏គេតែងតែប្រទះភ្នែកឃើញរថយន្តធុនធំធ្វើចរាចរណ៍ទាំងព្រឹកទាំងល្ងាចហាក់ដូចជាមិនដឹង អំពីបម្រាមរបស់សាលារាជធានីភ្នំពេញនោះឡើយ ។
ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់រំពឹងថា អាជ្ញាធររាជធានីភ្នំពេញក៏ដូចជាតាម បណ្តាខណ្ឌកណ្តាលក្រុងមិនបណ្តោយឲ្យវិធានការរបស់ខ្លួនធ្លាក់រយីករយាកបែបនេះទៀតឡើយ។ ការអនុវត្តឲ្យមានប្រសិទ្ធភាពចំពោះច្បាប់ដែលបានកំណត់គឺជាអ្វីដែលប្រជាពលរដ្ឋរីករាជអបអរសាទរ ហើយក៏ជាវិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ដូច្នេះប្រជាពលរដ្ឋរំពឹងថា ទៅថ្ងៃខាងមុខប្រហែលជាលែងឃើញរថយន្តធុនធំបើកបរនៅកណ្តាលរាជធានីទៀតហើយ ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់