ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះបង្គួរអ្នកនាង ពេជ្រ ខេនឌីបានប្រកាសបើមុខជំនួញសាងសង់ភោជនីយដ្ឋានមួយនៅលើទឹកដីនៃខេត្តសៀមរាបដែលផ្តល់ឱកាសដល់ការសម្តែងនិងបង្រៀងនក្បាច់គុណល្បុក្កតោ។ ការប្រកាសគម្រោងចំណាយខ្ទង់សែនដុល្លារនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១០ខែកញ្ញា នេះក្នុងពិធីបង្កក់កូនប្រុសដែលទើបនឹងប្រសូតបានមួយខែ។
ក្រោយពរពោះកូនប្រុសលើកដំបូងជាមួយនឹងស្វាមីជាអ្នកជំនួញអាណិកជនចិន តារាសម្តែង ពេជ្រ ខេនឌីបានផ្អាកពីការងារសិល្បៈមួយរយៈពេល។ នាងបានរៀបចំពិធីបង្កក់កូនប្រុសឈ្មោះ យាន ខៃខៃ នៅក្នុងផ្ទះវីឡានាបុរី៩៩៩ក្រោយផ្សារហេងលី ក្រោមវត្តមានសាច់ញាតិ និងសិល្បករជាច្រើនរូបចូលរួម។
តារាស្រីវ័យ៣១ឆ្នាំរូបនេះបញ្ជាក់ថា នាងនៅមិនទាន់លាឈប់ពីការងារសិល្បៈនៅឡើយទេ ព្រោះតែចិត្តនៅស្រលាញ់ហើយស្វាមីនាងក៏ពេញចិត្តនឹងការងារសិល្បៈរបស់នាងផងដែរ។ នាងបញ្ជាក់ថា ឱកាសខាងមុខនាងនឹងបន្តការងារសិល្បៈជាថ្មី។ ក្រៅពីការងារសិល្បៈ នាងគ្រោងនឹងបើកដំនើរការភោជនីយដ្ឋាន មួយកន្លែង ជិតផ្សារដើមក្រឡាញ់ខេត្តសៀមរាបនៅចុងឆ្នាំ២០១៦នេះ។ នាងបន្តថាការបើកដំណើរការនេះគឺដោយសារការស្រលាញ់ ពិសេសចង់ចូលរួមចំណែកជួយថែរក្សា និងលើកតម្កើងតម្លៃសិល្បៈក្បាច់គុណល្បុក្កតោខ្មែរឲ្យប្រជាជនខ្មែរ និងបរទេសបានស្គាល់។ នាងថា ភោជនីយដ្ឋានរបស់នាងនឹងត្រូវផ្តល់ជាទីតាំងសម្រាប់ការសម្តែង បង្ហាញជូនដល់ភ្ញៀវដែលចូលទៅទទួលទានអាហារ ហើយមួយផ្នែកទៀតគឺសម្រាប់ជាទីកន្លែងបង្ហាត់បង្រៀនដល់សិស្សដែលចង់ចេះក្បាច់គុណល្បុក្កតោខ្មែរ។ ទុនដែលចំណាយលើការសាងសង់បង្កើតទីតាំងនេះត្រូវបាននាងបញ្ជាក់ថាខ្ទង់សែនដុល្លារដែលគ្រាន់តែសំណង់មានតម្លៃប្រមាណជាង១០ម៉ឺនដុល្លារអាមេរិក ព្រោះតែត្រូវរៀបចំយ៉ាងណាឲ្យមានរចនាបទបែបខ្មែរ និងអាចទាក់ទាញការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អ្វីដែលនាងសម្រេចចិត្តបណ្តាក់ទុននេះដែរព្រោះតែនាងចង់បំពេញបំណងរបស់លោកតារបស់នាងគឺព្រឹទ្ធាចារ្យ ក្បាច់គុណល្បុក្កតោក្រមាមាសលោកគ្រូ សាន គឹមស៊ានដែលចង់មានទីតាំងសម្រាប់បង្ហាត់ក្បាច់គុណនេះ។ នាងរំពឹងថា ការបង្កើតភោជនីយដ្ឋាន ទីកន្លែងហ្វឹកហាត់ និងសម្តែងនេះនឹងបំពេញតាមបំណងជីតារបស់នាង ក៏ដូចជាចូលរួមចំណែកជួយថែរក្សា អភិរក្ស អភិវឌ្ឍន៍ក្បាច់គុណល្បុក្កតោខ្មែរឲ្យកាន់តែទទួលបានប្រជាប្រិយភាពជាងនេះ។
លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលជាអ្នកបង្កើត ចងក្រងស្រាវជ្រាវក្បាច់គុណល្បុក្កតោខ្មែរ បានថ្លែងពីក្តីរំភើបរីករាយចំពោះដំណឹងដ៏ល្អនេះ។ លោកព្រឹទ្ធាចារ្យបន្តថា វាគឺជាផ្នែកមួយនៃការពង្រីកវិសាលភាព កិត្តិស័ព្ទ នៃក្បាច់គុណខ្មែរដែលមានរាប់ពាន់ឆ្នាំមកហើយ។
លោករំពឹងថា នៅថ្ងៃខាងមុខក្បាច់គុណនេះក៏នឹងត្រូវបញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌអរូបិយរបស់មនុស្សជាតិផងដែរ ខណៈដែលក្បាច់គុណនេះត្រូវបានក្លាយជាក្បាច់គុណដែលត្រូវបានបញ្ជូលក្នុងការហ្វឹងហាត់របស់មន្ត្រីនៃក្រសួងការពារជាតិផងដែរ។ លោកព្រឹទ្ធាចារ្យថ្លែងអំណរគុណចំពោះចៅស្រីដែលបានបំពេញក្តីសុបិន្ត ដើម្បីបបង្កើតទីកន្លែងហ្វឹកហាត់ និងសម្តែងក្បាច់គុណល្បុក្កតោនេះ ហើយលោករំពឹងដែរថា ទីនេះនឹងក្លាយជាទីកន្លែងពង្រឹង និងពង្រីកវិសាលភាព កិត្តិស័ព្ទរបស់ក្បាច់គុណខ្មែរលើឆាកជាតិ និងអន្តរជាតិ៕
ដោយ៖ វឌ្ឍនា