ភ្នំពេញ៖ លទ្ធផលនៃការប្រឡងសញ្ញា ប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)បានប្រកាសជាផ្លូវការហើយកាលពីថ្ងៃទី១០ និងទី១១ខែកញ្ញា នេះ ដែលមានអ្នកជាប់ទិន្ទេសAរហូតដល់ជាង៤០០នាក់។ បើទោះបីជាខេត្តស្វាយរៀងមានសិស្សដែលអាចទទួលបានទិន្ទេសខ្ពស់លំដាប់Aក៏ដោយក៏សប្បុរសជន ពិសេសព្រះតេជគុណ នី សុវណ្ណមុនីរ៉េត គង់នៅកុដិលេខ២៤ នៃវត្តនាគវ័ន នាជធានីភ្នំពេញ នៅតែរក្សាជំហរប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្ស នៅខេត្តនេះចំនួន១៥រូប នូវកុំព្យូទ័រចំនួន១៥គ្រឿង ជាការលើកទឹកចិត្ត ។
ការបញ្ជាក់ពីជំហរបន្តប្រគល់នូវសម្ភារៈសិក្សាលើកទឹកចិត្តនេះត្រូវបានធ្វើឡើងក្រោយពីព្រះតេជគុណ នី សុវណ្ណមុនីរ៉េត បានសន្យាកាលពីពេលកន្លងទៅ។ ព្រះតេជគុណមានសង្ឃដីការថាអាត្មាភាព ពិតជាមានការសោកស្ដាយ ចំពោះសិស្សានុសិស្សខេត្តស្វាយរៀងយើងមិនអាចដណ្ដើមបាននិទ្ទេសA ពីការប្រលងបាក់ឌុបឆ្នាំ២០១៦នេះ។ តែបើទោះបីលទ្ធផលយ៉ាងណា អាត្មាភាពនៅតែធ្វើតាមការសន្យា ។ រង្វាន់កុំព្យូទ័រ Laptopថ្មី១៥ គ្រឿង សម្រាប់សិស្សជាប់បាក់ឌុបពិន្ទុច្រើនជាងគេខេត្តស្វាយរៀង នៅតែមាន ។ព្រះតេជគុណបន្តថាការសម្រេចផ្ដល់រង្វាន់កុំព្យូទ័រចំនួន១៥គ្រឿង ដូចបានរៀបរាប់ខាងលើ ក៏ព្រោះតែអាត្មាភាព គឺជាអ្នកមានដើមកំណើតមកពីខេត្តស្វាយរៀងដូចគ្នា ដោយចង់ចូលលើកទឹកចិត្តដល់ប្អូនៗ ក្មួយៗ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍន៍ក្រុមគ្រួសារក៏ដូចជាប្រទេសជាតិឲ្យមានការរីកចម្រើន ។កុំព្យូទ័រ Laptopថ្មីទាំង១៥គ្រឿងនេះ សម្រាប់តែអ្នកដែលទទួលបានពិន្ទុច្រើនជាងគេ ក្នុងខេត្តស្វាយរៀងប៉ុណ្ណោះ ដោយមិនគិតពីនិទ្ទេសឡើយ ហើយក្នុងម្នាក់ទទួលបាន១គ្រឿង។ ក្រុមការងារ អាត្មាភាពនឹងទាក់ទងទៅប្រធានមន្ទីរអប់រំខេត្តស្វាយរៀង ដើម្បីមកទទួលរង្វាន់ ក្នុងពេលឆាប់ៗនេះ។ ព្រះអង្គបញ្ជាក់ដែរថា កុំព្យូទ័រ Laptopថ្មីទាំងនេះបានមកពីទឹកព្រះទ័យព្រះតេជគុណ ក៏ដូចជាការចូលចំណែកពីញាតិញោមពុទ្ធបរិស័ទ្ធដែលមានទឹកចិត្តជ្រះថ្លាជួយឧបត្ថម្ភផងដែរ។
ជាមួយគ្នានេះព្រះតេជគុណក៏បានធ្វើការផ្តាំផ្ញើលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងធ្លាក់ និងមិនទទួលបាននិទ្ទេសល្អគួរបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្តព្រោះតែអនាគតនៅវែងឆ្ងាយនិងមានឱកាសច្រើនដើម្បីពង្រឹងសមត្ថភាព ចំណេះដឹងរបស់ខ្លួនបាន។ ជាមួយគ្នានេះព្រះតេជគុណក៏បន្តផ្តាំដល់សិស្សានុស្សដែលសិក្សានៅខេត្តខាងលើដែលនឹងចូលដល់ថ្នាក់ទី១២នៃឆ្នាំសិក្សាថ្មី២០១៦-២០១៧ខាងមុខឲ្យខិតខំសិក្សារៀនសូត្រចាប់ពីពេលនេះតទៅ ហើយព្រះតេជគុណសន្យានឹងបន្តជួយជំរុញលើកទឹកចិត្តទៅតាមលទ្ធភាពជាក់ស្តែង៕
ដោយ៖ វឌ្ឍនា