ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាជាមួយ លោកស្រី Zoë Poznicek មន្ត្រីទទួលកម្មវិធីបោសសម្អាតមីនមនុស្សធម៌ នៃក្រសួងការបរទេស ប្រទេសស្វីស ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីទំនាក់ទំនងការទូត និងភាពជាដៃគូយូរអង្វែងរវាងកម្ពុជា-ស្វីស។ ប្រទេសស្វីស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ(SDC)។
ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន តាងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសស្វីស។ ការរួមចំណែករបស់រដ្ឋាភិបាលស្វីសចំពោះការបោសសម្អាតមីន គឺមានតម្លៃមិនអាចកាត់ថ្លៃបាន និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមមនុស្សធម៌ និងការលើកកម្ពស់សន្តិភាព។ កម្ពុជាសង្ឃឹមថា ប្រទេសស្វីស ដែលជាដៃគូដ៏សំខាន់មួយ និងបន្តគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុងការក្លាយជាប្រទេសគ្មានមីន។
ក្នុងឱកាសនោះ ឯកឧត្ដម លី ធុជ បានជម្រាបប្រាប់ លោកស្រី Zoë Poznicek អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងផលលំបាករបស់ប្រជាជនកម្ពុជា ក្នុងអំឡុងពេលនៃការភៀសខ្លួនគេចចេញពីការវាយប្រហាររបស់យោធាថៃ ទៅកាន់ទីមានសុវត្ថិភាព ក៏ដូចជាការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាដើម។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រកបដោយសន្តិភាព៕










