ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយមិនតម្រូវឱ្យមានពាក្យស្នើសុំ និងមិនមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card ប៉ុណ្ណោះ។
រាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដាក់ស្មើ និងចរចាជាមួយភាគីរដ្ឋាភិបាលចិនឱ្យបន្ធូរបន្ថយ និងសម្រួលនីតិវិធីនៃការស្នើសុំទិដ្ឋាការដល់ទេសចរខ្មែរ ទៅប្រទេសចិន ដើម្បីឈានដល់ការអនុវត្តការលើកលែងទិដ្ឋាការបដិការតែម្តងនាពេលអនាគត។
យោងតាមក្រសួងទេសចរណ៍ គិតត្រឹមរយៈពេល ៩ ខែ ឆ្នាំ ២០២៥ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៣ លាននាក់ ធ្លាក់ចុះ ៨,៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ៤,៣ លាននាក់ ទេសចរចិនមានចំនួន ៨៨ ម៉ឺននាក់ កើន ៤៦,៣% ៕










