ការដាំអាភៀន កើនឡើងខ្ពស់ ក្នុងប្រទេសមីយ៉ាន់ម៉ា

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ បានផ្សាយថា អង្គការសហប្រជាជាតិ (UN) បាននិយាយថា ការដាំដុះអាភៀននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងខ្លាំង ដល់កម្រិតខ្ពស់បំផុត គិតក្នុងរយៈពេលមួយទសវត្សរ៍ ក្រោយកើន១៧ភាគរយ នៅក្នុងរយៈពេល១ឆ្នាំកន្លងទៅ ស្របពេលដែលសង្រ្គាមនិងទុក្ខលំបាកផ្នែកសេដ្ឋកិច្ច ជំរុញឱ្យប្រជាកសិករមីយ៉ាន់ម៉ា ឱ្យងាកទៅរកការជួញដូរដំណាំខុសច្បាប់មួយនេះ។
ការិយាល័យ UN ទទួលបន្ទុកបញ្ហាគ្រឿងញៀននិងឧក្រិដ្ឋកម្ម UNODC បាននិយាយក្នុងរបាយការណ៍មួយថា ការដាំដុះអាភៀននៅមីយ៉ាន់ម៉ា បានកើនដល់ ៥៣១០០ហិកតា នៅក្នុងឆ្នាំនេះ ពី៤៥២០០ហិកតា កាលពីឆ្នាំ២០២៤ ដែលវាគូសរំលេចអំពីឋានៈរបស់មីយ៉ាន់ម៉ា ជាប្រភពចម្បងនៃអាភៀនខុសច្បាប់របស់ពិភពលោក ខណៈការដាំដុះអាភៀននៅប្រទេសអាហ្វហ្កានីស្ថាន បានថយចុះ។
ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ក្នុងភាពវឹកវរ ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីឆ្នាំ២០២១ ហើយបង្កឱ្យមានការផ្ទុះចលនាតស៊ូប្រដាប់អាវុធនៅទូទាំងប្រទេស មកទល់នឹងពេលនេះ។ ឥឡូវរដ្ឋាភិបាលយោធា កំពុងត្រៀមរៀបចំការបោះឆ្នោតសកល ដែលបានរងការរិះគន់យ៉ាងទូលំទូលាយ នៅចុងឆ្នាំនេះ ស្របពេលសង្រ្គាមស៉ីវិល កំពុងបន្តឆេះក្តៅគគុក។
ក្រោយការថយចុះបានប៉ុន្មានឆ្នាំ UNODC បានលើកឡើងថា របាយការណ៍ចុងក្រោយបង្អស់របស់ខ្លួនខាងលើនេះ គឺបញ្ជាក់ពីការកើនឡើងជាលំដាប់នៃដំណាំអាភៀន គិតចាប់តាំងពីឆ្នាំ២០២០មក ដែលជំរុញដោយការឡើងថ្លៃនៃតម្លៃអាភៀន៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print